ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេតាមវាយដល់ផ្ទះ តដៃវិញជ្រុលដៃវាយគេរបួសធ្ងន់ក្លាយជាអ្នកទោស

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​៖  យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនកាលពី​រសៀលថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីទំនាស់ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ដែល​ចូលទៅ​វាយ​ខ្លួនដល់​ក្នុងផ្ទះនៅ​ចំណុច​ភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ  ហើយបានតដៃវិញ តែជ្រុលដៃវាយជនរងគ្រោះរបួសធ្ងន់។​

សាក្សីបានឲ្យដឹងថាមុន​ពេលកើតហេតុ​ពួកគាត់​ឃើញ​យុវជន​ឈ្មោះ ជឿន ណា​ង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ទាស់​ពាក្យសម្តី​ជាមួយ​ឈ្មោះ តាំង លី​ហេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។​ ក្រោយពី​ឈ្លោះប្រកែក​គ្នា​បាន​មួយសន្ទុះ​ស្រាប់តែ​ឈ្មោះ​តាំង លី​ហេង បាន​ដើរ​ចូលទៅ​វាយ​ឈ្មោះ​ជឿន ណា​ង ដល់​ក្នុងផ្ទះ រួចហើយ​ឈ្មោះ​ជឿន ណា​ង​បាន​តដៃ ដើម្បី​ការពារ​ខ្លួនក៏វាយ​ឈ្មោះ​តាំង លី​ហេង​ ​ បណ្តាល​ឲ្យ​សន្លប់ ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ស្រុក​ឧដុង្គ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចសមត្ថកិច្ច​ទៅទៅដល់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ជន​រង​​គ្រោះ​ខាងលើពិតមែន ដោយ​សារ​តែជនរងគ្រោះ​ចូលទៅ​វាយ​ខ្លួន​ដល់​ក្នុងផ្ទះ​ទើប​ខ្លួន​តដៃ​ដើម្បី​ការពារ​ខ្លួន​។​ 

បន្ទាប់មកជន​​សង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការ​តាមច្បាប់៕​

ដោយ៖ ប្រាថ្នា


ចែករំលែក៖