អន្តរជាតិ៖ គិតចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២ កុម្ភៈ បក្សកុម្មុយនីស្តវៀតណាម បើកសមាជលើកទី១៣ នឹងត្រួតពិនិត្យលទ្ធផលនៃគោលនយោបាយដែលបានអនុម័ត ជជែកវែកញែកគោលនយោបាយអភិវឌ្ឍប្រទេស ក៏ដូចជាជ្រើរើសថ្នាក់ដឹកនាំកំពូលចំនួន៤ផងដែរ។
ជាក់ស្តែងបេីទោះជាស្ថិតក្នុងបិរបទនៃជំងឺកូវីដ-១៩ក្តី សមាជលើកទី១៣នេះ មានចំនួនអ្នកចូលរួមលើសពីសមាជមុនៗ ដោយមានការចូលរួមពីតំណាងទូត តំណាងអង្គការអន្តរជាតិ យុវជនឆ្នើម និងបញ្ញាវន្តវៀតណាមជាដើម។ សមាជបក្សកុម្មុយនីស្តវៀតណាម ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដោយក្នុងឆ្នាំ២០២១ ប្រតិភូចំនួន១,៥៨៧រូបតំណាងឲ្យសមាជិកបក្សចំនួន៥,១លាននាក់ នឹងជួបជុំនៅរដ្ឋធានីហាណូយ។
បើយោងតាមសារព័ត៌មានVN Express បានចុះផ្សាយថា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២១នេះ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំ សមាជនឹងពិនិត្យលើរបៀបវារៈ ក៏ដូចជាវិន័យក្នុងការបោះឆ្នោត។ សមាជលើកទី១៣ នឹងបើកជាផ្លូវការនៅថ្ងៃទី២៦ មករាដោយមានរយៈពេល៩ថ្ងៃ ដោយប្រតិភូបក្សនឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា សម្រាប់អាណត្តិប្រាំឆ្នាំ។ បន្ថែមពីនេះ ប្រតិភូក៏ពិនិត្យផងដែរពីរបាយការណ៍ ស្តីពីការកសាងបក្ស ការអនុវត្តធម្មនុញ្ញបក្ស ការដឹកនាំ និងការគ្រប់គ្រងគណៈមជ្ឈិមបក្សក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ជាមួយគ្នានេះ សមាជនឹងពិភាក្សាពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តម្រង់ទិសដៅអភិវឌ្ឍសម្រាប់ឆ្នាំ២០៣០ និងទស្សនវិស័យឆ្នាំ២០៤៥។ នៅឆ្នាំ២០៣០ វៀតណាមកំណត់គោលដៅក្នុងការសម្រេចឲ្យបាននូវគោលនយោបាយឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយប្រែក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប។ ចំណែកឆ្នាំ២០៤៥ វៀតណាមមានបំណងក្នុងការប្រែក្លាយជាប្រទេសទំនើប និងឧស្សាហកម្ម។
សូមជម្រាបថា ការជ្រើសរើសមេដឹកនាំកំពូលទាំង៤ ដូចសមាជរាល់ដងដែរចំពោះការជ្រើសរើសអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធាន គឺជាចំណុចស្នូល និងជាការចង់ដឹងឭរបស់ប្រជាជនវៀតណាមគ្រប់រូប។ លោកង្វៀន ភូជុងដែលកាន់តំណែងអគ្គលេខាធិការបក្ស និងប្រធានាធិបតី អាចនឹងប្រជែងកាន់តំណែងមួយក្នុងចំណោមតំណែងទាំងពីរសម្រាប់មួយអាណត្តិទៀត។ ចំណែកលោកនាយករដ្ឋមន្ត្រីង្វៀន សួនហ្វ៊ុកត្រូវបានរំពឹងថាអាចនឹងប្រជែងតំណែងអគ្គលេខាធិការបក្ស ឬបន្តតំណែងនាយករដ្ឋមន្ត្រីអាណត្តិទីពីរ។ រីឯលោកស្រីប្រធានសភាង្វៀន ធី គីម ងិនអាចនឹងចុះចេញពីតំណែង ដើម្បីទៅប្រកួតប្រជែងតំណែងអគ្គលេខាធិការបក្សផងដែរ។
ដោយឡែកក្រៅពីបុគ្គលទាំង៣រូបខាងលើ ក៏មានផងដែររដ្ឋមន្ត្រី និងមន្ត្រីបក្សដែលប្រជែងយកតំណែងទាំងនេះ។ ជាក់ស្តែងលោក Tran Quoc Vuong ដែលជាប្រធានការិយាល័យគណៈមជ្ឈិម ត្រូវបានរំពឹងថានឹងប្រជែងតំណែងអគ្គលេខាបក្ស។ ចំណែកលោកVuong Dinh Hue អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោកTruong Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រូវបានដឹងថាប្រជែងនឹងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ឯលោកតូ ឡាំ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាចនឹងប្រជែងជាមួយលោកផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសសម្រាប់តំណែងប្រធានាធិបតី។ ចំពោះតំណែងប្រធានសភាវិញគេរំពឹងថាលោកស្រីTruong Thi Mai ប្រធានគណៈចលនាមហាជន និងសមាជិកគណៈមជ្ឈិមអាចនឹងកាន់តំណែងនេះ៕ដោយ៖ស តារា
រូបភាព៖AFP