អន្តរជាតិ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១ បានបង្ហោះនៅលេីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថាលោកធ្វេីតេស្តវិជ្ជមានកូវីដ–១៩។ ប៉ុន្តែលោក សង្កត់ធ្ងន់ថា លោកស្ថិតក្នុងស្ថានភាពប្រក្រតី ដោយទទួលការព្យាបាល។
លោក Lopez Obrador បានសរសេរក្នុង Twitter យ៉ាងដូច្នេះថា៖«ខ្ញុំសោកស្តាយដោយជម្រាបជូនថា ខ្ញុំមានកូវីដ–១៩។ ស្ថានភាពមិនធ្ងន់ធ្ងរទេខ្ញុំក៏បានទទួលការព្យាបាលរួចហើយ។ ខ្ញុំមានសុទិដ្ឋិនិយម ហើយយើងបន្តដំណើរទៅមុខទាំងអស់គ្នា»។
បន្ថែមពីនេះ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានបញ្ជាក់ថា លោកនឹងបន្តការងារពីវិមានប្រធានាធិបតី ដែលក្នុងនោះមានគម្រោងហៅទូរសព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទាក់ទងនឹងវ៉ាក់សាំងSputnik V នាថ្ងៃចន្ទ ខាងមុខ។
មិនតែប៉ុណ្ណោះលោក Lopez Obrador ត្រូវបានគេសង្កេតឃើញថាមិនសូវចូលចិត្តពាក់ម៉ាស់នោះឡើយ បើទោះបីជាទទួលរងនូវការរិះគន់ក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមប្រទេសចំនួន១៨ ដែលមានករណីឆ្លងកូវីដ–១៩លើស១លានករណី ហើយមានអ្នកស្លាប់ជិត១៥ម៉ឺននាក់ ដែលច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា៕ដោយ៖ស តារា
រូបភាព៖CNN