ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។

សម្ដេចបានថ្លែងថា, បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។

សម្ដេចមានប្រសាសន៍បន្តទៀតថា អាស្រ័យដោយកូវីដ-១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

សម្ដេចលើកឡើងថា, ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច លោក លោកស្រីទាំងស្ថាប័នស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយៈពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖