ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច៣៦នាក់ នៅខណ្ឌព្រែកព្នៅ ទទួលបានការយល់ដឹងកាន់តែច្បាស់ ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ …!!

ចែករំលែក៖

ភ្នំពេញ៖ ដេីម្បីឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារ២១ កុម្ភៈ ខាងមុខទេ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៣៦នាក់ នៅមណ្ឌលសុខភាពគោករកា ស្ថិតក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ ។

បន្ទាប់ពីវាគ្មិន បានធ្វើការបកស្រាយអំពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩រួចមក បងប្អូនស្ត្រីទាំងអស់ រឹតតែមានការយល់ដឹងកាន់តែច្បាស់ ជាពិសេស អំពី ការរស់នៅធម្មតា តាមបែបគន្លងថ្មី , ការទៅពិនិត្យផ្ទៃពោះទៀងទាត់ , ការបរិភោគអាហារូបត្ថម្ភ ទាំង៣ក្រុម (អាហារថាមពល អាហារសាងសង់ និងអាហារការពារ) , ការទទួលថ្នាំជាតិដែក, សញ្ញាគ្រោះថ្នាក់ផ្សេងៗមុនសម្រាល និងការត្រៀមលក្ខណៈមុនពេលសម្រាល។ ទន្ទឹមនឹងនេះ បន្ទាប់ពីសម្រាលរួច ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន តាមការកំណត់របស់គ្រូពេទ្យ និងទទួលថ្នាំបង្ការជំងឺ១១មុខ ហេីយបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ទារកមានអាយុ ៦ខែ ព្រមទាំងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃ យ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកោតសរសេីរចំពោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទេីបសម្រាលកូនទាំងអស់ ដែលមានការយល់ដឹងយ៉ាងច្បាស់ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងសូមផ្តាំផ្ញេីជូនបងប្អូនស្ត្រីទាំងអស់ សូមបន្តថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងរស់នៅធម្មតា តាមបែបគន្លងថ្មី ។

សូមបញ្ជាក់ថា ស្ត្រីទាំង ៣៦នាក់ បានទទួលវត្ថុអនុស្សាវរីយ៍ ពីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុង ម្នាក់ៗទទួលបាន ៖ កន្សែងពោះគោធំ ១, កន្សែងជូតខ្លួនទារក ១, សាប៊ូ ២ដុំ, ជែលលាងដៃ ១ដប, អាល់កុល ១ដប, ម៉ាស់ ១០បន្ទះ, អង្ករ ៣០គីឡូក្រាម , មី ១កេស, ទឹកសុទ្ធ ១កេស, ឃីត (មុង ភួយ សារុង ក្រមា ) ១កញ្ចប់, និងថវិកា ៥០.០០០រៀល ៕

ដោយ៖ សិលា


ចែករំលែក៖