ព័ត៌មានទាន់ហេតុការណ៍៖

ពលករឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃរួចផុតទោសត្រូវបានសមត្ថកិច្ចថៃប្រគល់មកឱ្យភាគីកម្ពុជា

ចែករំលែក៖

    ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរ៣នាក់ដែលលបលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីឆ្នាំ២០១៨នោះ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១អាជ្ញាធរថៃបានបញ្ជូនមកឱ្យភាគីកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

សមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ជឹម យិន ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ទី២-ឈ្មោះ ពៅ ធី ភេទប្រុសអាយុ៣២ឆ្នាំ និងទី៣-ឈ្មោះ សួង ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។អ្នកទាំងបីត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ពីបទឆ្លងដែនចូលទៅកាប់ឈើគ្រញូងដោយចូលតាមច្រកអូរស្វាយ ក្នុងភូមិអូរស្វាយ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយត្រូវជាប់គុកនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។
ក្រោយសមត្ថកិច្ចថៃប្រគល់ពលកររួចទោសទាំងបីនាក់ជូនភាគីកម្ពុជាហើយ ត្រូវបានគ្រូពេទ្យធ្វើការវាស់កម្តៅរួចបានបញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាអន្លង់វែង៕

ដោយ៖ប៉ែន នួន


ចែករំលែក៖