ប្រទេសថៃ៖ មើលទៅគួរឲ្យអាណិតអាសូមណាស់លោក កូនក្រមុំមួយរូប បានជាប់បំណុលពីអ្នកចងការប្រាក់ ខណៈឪពុក-ម្តាយខាងស្រីរងការអាម៉ាស់យ៉ាងខ្លាំង ដោយសារខ្ចីបុលគេយកលុយមករៀបចំពិធីមង្គលការឲ្យកូនស្រី។ ក្រោយពីកូនកំលោះមួយរូបមិនបានបង្ហាញខ្លួននៅថ្ងៃរៀបការ។ចំពោះករណីនេះក៏គេកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយទៀតសម្រាប់ក្នុងសង្គមថៃផងដែរ។
មិនតែប៉ុណ្ណោះ ករណីមួយនេះប៉ូលីសថៃ ក៏បានយកចិត្តទុកដាក់រួចកសាងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងកូនកំលោះដែលអាចប្រឈមនឹងការចោទប្រកាន់ពីបទរំលោភ អនីតិជនអាយុ ១៥ ឆ្នាំ ។
សូមជម្រាបថា រឿងរ៉ាវខាងលេីនេះ បានកើតឡើងនៅក្នុងស្រុក ប្រាថុងខាំ(Phra Thong Kham) ដែលជាស្រុកមួយនៅភាគខាងជើងនៃខេត្តណាខនរ៉ាចឆាស៊ីម៉ា (Nakhon Ratchasima) ប្រទេសថៃ។
បេីយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ កាលពីសប្តាហ៍មុន បាននិយាយថា កូនកំលោះដែលខកខានមិនបានបង្ហាញខ្លួនក្នុងពិធីមង្គលការរបស់គាត់ពេលនេះ កំពុងប្រឈមមុខនឹងផ្លូវច្បាប់ ក៏ដូចជាកំហឹងឪពុកម្តាយក្មេក និងកូនក្រមុំវ័យក្មេងដែលមានអាយុត្រឹមតែ ១៥ឆ្នាំនោះ ។
បើតាមអធិការស្រុក Phra Thong Kham លោក Somchai Komphayak បាននិយាយថា ប៉ូលីសបានការចោទប្រកាន់លើកូនកំលោះឈ្មោះ Theeraphat Khemsunthia អាយុ ២០ ឆ្នាំពីបទរំលោភសេពសន្ថវៈ និងបៀតបៀនផ្លូវភេទ លើមនុស្សអាយុក្រោម ១៨ ឆ្នាំ។
ចំណែកការចោទប្រកាន់ត្រូវបានប្តឹងដោយលោក Som Yusamran ជាឪពុកក្មេងស្រីអាយុ ១៥ ឆ្នាំបន្ទាប់ពីកូនកំលោះខកខានមិនបានបង្ហាញខ្លួននៅក្នុងពិធីមង្គលការកាលពីថ្ងៃអាទិត្យ ទី ១៧ ខែមករា ឆ្នាំ ២០២១ ដែលការអវត្តមានកូនកំលោះរូបនេះក្នុងថ្ងៃមង្គលការបានបង្កភាពអាម៉ាស់ដល់គ្រួសារលោក និងភ្ញៀវដទៃទៀតដែលបានចំណាយពេលចូលរួមក្នុងថ្ងៃប្រារព្ធពិធី។
យោងតាមរយៈវីដេអូឃ្លីបមួយដែលទទួលបានការចែកចាយយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ ដែលវីដេអូឃ្លីបនេះត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Wilaiwan Yusamran កាលពីថ្ងៃទី១៨ ខែមករា បានបង្ហាញពីការយំសោករបស់កូនក្រមុំ និងមានមនុស្សជាច្រើនបានលួងលោមរូបនាងនៅផ្ទះដែលរៀបចំកម្មវិធី ។
ក្នុងឃ្លីបវីដែអូ គេឃើញស្ត្រីម្នាក់បាននិយាយនៅក្នុងឃ្លីបថា «វាពិតជាឈឺចាប់ណាស់» ។ យ៉ាងណាមិញ កូនកំលោះ និងកូនក្រមុំបានស្គាល់គ្នាអស់រយៈពេល ៧ ខែមកហើយ ។
ជុំវិញរឿងរ៉ាវអវត្តមានកូនកំលោះក្នុងថ្ងៃរៀបការនេះផងដែរ ក៏មានសេចក្តីរាយការណ៍ថា ក្រុមគ្រួសាររបស់ក្មេងស្រីនេះបានខ្ចីប្រាក់មួយចំនួន ដើម្បីចំណាយសម្រាប់ពិធីមង្គលការ ដោយយកដីធ្លីរបស់ខ្លួន «ជាទ្រព្យបញ្ចាំ» ដោយគេរំពឹងថានឹងទទួលបានប្រាក់ថ្លៃបណ្តាការពីខាងកូនកំលោះយកទៅសងម្ចាស់បំណុលវិញ ។
ដោយឡែកឪពុករបស់ក្មេងស្រីឈ្មោះ Som Yusamran បាននិយាយថា ដំបូងគាត់ និងប្រពន្ធគ្រោងនឹងនិយាយជាមួយកូនកំលោះរឿងមិនព្រមមករៀបការ ប៉ុន្តែត្រូវបានគេណែនាំឱ្យស្វែងរកវិធានការផ្លូវច្បាប់ហើយលោកក៏បាននិយាយជាមួយម្ចាស់បំណុល ដើម្បីពន្យារពេលការទូទាត់ប្រាក់បំណុលមួយរយៈសិន ។
ទាក់ទិននឹងករណីនេះដែរ លោកវរសេនីយ៍ឯក Somchai Komphayak មានប្រសាសន៍ថា ការចោទប្រកាន់លើកូនកំលោះ គឺជារឿងព្រហ្មទណ្ឌ ហើយមិនបានបើកការចរចាបញ្ចប់រឿងបានទេ។ ពួកគេបានសាកសួរលោកTheeraphat កាលពីគ្រាមុន ដែលបុរសរូបនេះបានសន្យាថា នឹងរៀបការជាមួយក្មេងស្រីនេះនៅពេលគាត់មានលុយ ៕ដោយ៖សហការី
រូបភាព៖កូនក្រមុំយំសោកជាមួយក្រុមគ្រួសារ