រដ្ឋាភិបាលទីក្រុងញូវដេលី បានហាមប្រាមជារៀងរហូតដល់បណ្តាញសង្គមរបស់ចិន ក្នុងនោះមានទិកតុក វីឆាតនិងបណ្តាញផ្សេងៗទៀតចំនួន៥៧របស់ចិន។
សារព័ត៌មានThe Times of India បានផ្សាយថា ការហាមប្រាមខាងលើដោយសារតែក្រុមហ៊ុនបណ្តាញសង្គមទាំងនោះមិនគោរពសិទ្ធិបុគ្គល និងរក្សាការសម្ងាត់។ ក្រុមហ៊ុនដូចជាByte Dance ដែលមានបណ្តាញទិកតុក និងក្រុមហ៊ុនTencent Holdings មានបណ្តាញសង្គមវីឆាត ត្រូវបានឥណ្ឌាផ្តល់តាងសំណួរដើម្បីឲ្យក្រុមហ៊ុនខាងលើឆ្លើយតប។
ប៉ុន្តែមិនទទួលបានការឆ្លើយតបវិញឡើយ ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាមិនពេញចិត្ត ពីការបកស្រាយរបស់ក្រុមហ៊ុនក៏សម្រេចបិទជារៀងរហូតនៅក្នុងប្រទេសនេះ។
ហេតុការណ៍ខាងលើមានប្រភព តាំងពីខែមិថុនា ឆ្នាំ២០២០ ក្រោយពេលទាហានឥណ្ឌានិងចិនប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យទាហានឥណ្ឌាជាង២០នាក់ស្លាប់ ។ ក្រោយមកឥណ្ឌាក៏បានដាក់បណ្តាញសង្គមរបស់ចិនចំនួន៥៩ ក្នុងបញ្ជីខ្មៅ។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា បណ្តាបណ្តាញសង្គមទាំងនោះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដែនអធិបតេយ្យរបស់ឥណ្ឌា ក៏ដូចជាសន្តិសុខជាតិ សណ្តាប់ធ្នាប់ក្នុងសង្គម។
នៅពេលនេះដែរតំណាងបណ្តាញសង្គមទិកតុក បានលើកឡើងថាក្រុមហ៊ុនកំពុងតែវាយតម្លៃពីការប្រកាសហាមប្រាមជារៀងរហូតរបស់ឥណ្ឌា និឹងមានប្រតិកម្មនៅពេលខាងមុខ។
បណ្តាញសង្គមទិកតុក ក៏ដូចជាវីឆាតរបស់ចិនត្រូវបានហាមប្រាមក្នុងប្រទេសអាមេរិកផងដែរ ដោយរងការចោទប្រកាន់ពីបទគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបង្ខំឲ្យក្រុមហ៊ុនខាងលើលក់ទៅឲ្យអាមេរិក ប៉ុន្តែចិនមិនព្រមនោះឡើយ៕ ដោយ៖ធី រីណា
រូបភាព៖ viettimes