ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យ៧នាក់ ដែលបានកាប់សម្លាប់និស្សិតម្នាក់ស្លាប់

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងចំណោមបក្ខពួក៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកមកបង្ហាញមុខនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២០ និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយក្រុមជនល្មើសប្រើដាវកាប់ត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះសៅ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១២វិទ្យាល័យបឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសក្បាលជាទម្ងន់ហើយបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត។
ចំណែកក្រុមជនល្មើសទាំង៧នាក់ដែលសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់នោះមាន៖
ទី១ -ឈ្មោះហម ណារ័ក្ស ហៅអាគោភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាជនដៃដល់យកដាវកាប់ជនរងគ្រោះ។
ទី២-ឈ្មោះ ហុក សំណាង ហៅប៊ឹត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរសិស្ស។
ទី៣-ឈ្មោះ ដួង ចំរេីន ហៅវីត ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរសិស្ស។
ទី៤-ឈ្មោះ ឆៃ អៀងឡេង ហៅឆ្នាំងភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងបុរីឌឹផ្លរ៉ា ផ្ទះលេខ៦៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ មុខរបរអ្នករត់តុ។
ទី៥-ឈ្មោះ ស្រៀន គឹមឡុង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរសិស្ស។
ទី៦-ឈ្មោះ ផា តុងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។
ទី៧-ឈ្មោះ ទិត្យ ឆានុត ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិឈេីទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូលខេត្តកណ្តាល មុខរបរជាងបៀកថ្នាំ។
ទី៨-ឈ្មោះ ហេង ធារា ហៅឡា ភេទប្រុស អាយុ២០ឆ្នាំ(គេចខ្លួន)។
ទី៩-ឈ្មោះ ហេង អាយុប្រហែល១៧ឆ្នាំ(គេចខ្លួន)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យទាំង៩នាក់បាននាំគ្នាអង្គុយផឹកស៊ីនៅលើសួនច្បារតាមបណ្ដោយផ្លូវជាតិលេខ៦។ លុះផឹកស៊ីអស់រយៈពេលជាច្រើនម៉ោងក៏បានប្រទះឃើញជនរងគ្រោះមានគ្នាជាង១០ នាក់បានជិះម៉ូតូកាត់មុខពួកគេ ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយ ហើយពេលតាមទាន់ម៉ូតូជនរងគ្រោះហើយក៏ទាញដាវកាប់សំដៅទៅលើជនរងគ្រោះឈ្មោះសៅ ពិសិដ្ឋចំក្បាលនិងយកដុំថ្មគប់ថែមទៀតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយពួកគេក៏បានព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ក្រោយមកជនឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ហើយសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនល្មើសបាន៧នាក់ជាបន្តបន្ទាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១វេលាម៉ោង៤រសៀលដោយចាប់ផ្តើមចេញពីភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ហើយបន្តមកភូមិក្តីចាស់ សង្កាត់បាក់ខែង និងបញ្ចប់ការចាប់ខ្លួននៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នាំមកអធិការរដ្ឋានដើម្បីសួរនាំកសាងសំណុំរឿងនិងបន្តស្វែងរកបក្ខពួកគ្នាពីរនាក់ទៀតដែលកំពុងរត់គេចខ្លួន។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះហន ណារ័ក្សបានសារភាពថាខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះឈ្មោះសៅ ពិសិដ្ឋប្រាកដមែនដោយសារការយល់ច្រឡំថាជាក្រុមដែលកាប់ខ្លួនកាលពីថ្ងៃមុន។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖