ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយសុីសុី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិដែរ។
ក្នុងន័យនេះ ទោះបីជាក្នុងឆ្នាំ២០២០កន្លងមក ពិភពលោកមានការប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ក្រុមការងារជំនាញជាតិ និងអន្តរជាតិបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវរាល់គម្រោងអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ក្នុងនេះដែរ ទាំងអ្នកជំនាញជាតិនិងអន្តរជាតិបានជួយសហការអនុវត្ត និងដោះស្រាយបញ្ហាលំបាកជាមួយគ្នា។ ជាលទ្ធផល តម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ ព្រមទាំងការរក្សាបាននូវសភាពដើមនៃប្រាសាទ ក៏ដូចជាតំបន់ការពាររមណីយដ្ឋានអង្គរទាំងមូលត្រូវបានលើកតម្កើងដែលជាគោលបំណងចម្បងបំផុតក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរឱ្យយស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។
ដូច្នេះ រាល់សមិទ្ធផលសម្រេចបានពីការជួសជុលប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានអ្នកជំនាញនៅអាជ្ញាធរជាតិអប្សរា និងក្រៅប្រទេស គឺសុទ្ធតែបង្ហាញយ៉ាងប្រាកដពីការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងដៃគូអន្តរជាតិក្នុងក្របខណ្ឌគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ៕
ដោយ៖សូរិយា