ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងស្ត្រីម្នាក់ទៀតបានបើករថយន្តព្រូសមួយគ្រឿងដោយសង្ស័យថាស្រវឹងស្រាធ្លាក់ភ្នែកខ្លាំងហើយបានជាបើកបោះពួយលឿនដូចព្យុះជ្រុលទៅបុកទម្លុះចូលផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦កែងនឹងផ្លូវលេខ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់កណ្ដាលលេខភ្នំពេញ2BH-4500តាមបណ្ដោយផ្លូវ លេខ១០០៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុខាងលើកែងនិឹងផ្លូវ លេខ១៩៨៦ រថយន្តមិនបានបត់នោះទេគឺបានបើកទៅត្រង់បុកទម្លុះចូលផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយបណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនូនធំ ចំណែករថយន្តបង្កទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ដោយមិនត្រូវគ្នាទើបសមត្ថកិច្ចទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ផេង ភាព