ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Sheffield United ក្នុងលទ្ធផល២ទល់១ ធ្វើឲ្យក្រុមដែលធ្លាប់តែខ្លាំងមួយនេះបាត់បង់៣ពិន្ទុ ក្នុងឱកាសឡើងឈរកំពូលតារាងបណ្តោះអាសន្នក្របខ័ណ្ឌ Premier League ។
តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២៨ មករានេះបានឲ្យដឹងថា ការប្រកួតកាលពីរាត្រីថ្ងៃទី២៧ឈានចូលថ្ងៃទី២៨នេះ ក្រុមបិសាចក្រហម Man United មានឱកាសគ្រប់គ្រងបាល់រហូតដល់៧៦ភាគរយឯណោះ ហើយការស៊ុតរហូតដល់១៦ដង ប៉ុន្តែចំគោលដៅតែ៤ដងប៉ុណ្ណោះ។
ការប្រកួតក្នុងតង់ទី១ បានតែ២៣នាទី កីឡាករ Bryan របស់ក្រុម Sheffield United រកបាន១គ្រាប់នាំមុខ ដែល១គ្រាប់នេះបានបន្តរក្សារហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ ខ្សែការពារ និងជាប្រធានក្រុមបិសាចក្រហម កីឡាករ Maguire តែតចូល១គ្រាប់វិញ នៅនាទីទី៦៤ ប៉ុន្តែនៅនាទីទី៧៤ កីឡាករ Burke របស់ក្រុម Sheffield United បានស៊ុតចូល១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ យកឈ្នះក្រុមម្ចាស់បិសាចក្រហម ២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុម Man United បាត់បង់ឱកាសឡើងឈរកំពូលតារាង ដោយធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ មាន៤០ពិន្ទុ ក្នុង២០ប្រកួត ចាញ់ក្រុមលេខ១ Man City ដែលមាន៤១ពិន្ទុ ក្នុង១៩ប្រកួត។ ចំណែកក្រុម Sheffield United បន្តឈរបាតតារាងដដែលមាន៨ពិន្ទុ ក្នុង២០ប្រកួត ៕