ព័ត៌មានទាន់ហេតុការណ៍៖

ម៉ុងហ្គោលីមាននាយករដ្ឋមន្ត្រីថ្មីវ័យ​៤១ឆ្នាំ

ចែករំលែក៖

កាលពីថ្ងៃទី​២៧ ខែមករា ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី ម៉ុងហ្គោលីលោកLuvsannamsrai Oyun-Erdene អាយុ​៤១ឆ្នាំ​ ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រី​ប្រទេសនេះ​តាមសំណើរបស់គណបក្ស ប្រជាជនមុងហ្គោលី​ (MPP) ​កាន់អំណាច​។ នេះជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត​ក្នុងប្រទេសនេះមិនធ្លាប់មានពីមុនមក។ ការសម្រេចតែងតាំងលោក ​Oyun-Erdene​ សមាជិកគណបក្ស​ MPP ​ធ្វើជានាយករដ្ឋមន្ត្រីនេះគឺទទួលបានការតែងតាំង​ពី​រដ្ឋសភា ដែលមាន៧៦កៅអី ហើយការអនុម័តទួទួលបានសំឡេងគាំទ្រ​ដល់ទៅ ៨៧,៩%​។ លោក Oyun-Erdene​ ឡើងកាន់តំណែងជំនួសលោក Ukhnaa Khurelsukh​ ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃទី​២១ខែមករា ​ហើយរំលាយរដ្ឋាភិបាលដើម្បីទទួលនូវកំហុសឆ្គងពីការគ្រប់គ្រង​ការឆ្លងរាលដាលកូវីដ-១៩មិនបានល្អ​។ បាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលនៅរដ្ឋធានីUlan Bataar ក្រោយពេលបណ្តាញទូរទស្សន៍ម៉ុងហ្គោលី​ផ្សព្វផ្សាយពី​រូបភាពស្ត្រីម្នាក់និងទារកទើបតែកើត ទៅកាន់ទីតាំង​ធ្វើចត្តាឡីស័ក​ដោយសារតែការឆ្លងកូវីដ​-១៩​ កាលពីថ្ងៃទី​១៩ ខែមករា។ ក្នុងពេលជាមួយគ្នានេះដែរអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លង (NCCD) របស់ប្រទេសមុងហ្គោលី​ លោកDulmaa Nyamkhuu ក៏ត្រូវបានដកតំណែង​ដោយសារតែមិនអាចគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ បានល្អ​។ បច្ចុប្បន្នមុងហ្គោលី​មានអ្នកឆ្លងកូវីដ​-១៩ចំនួន១.៦៩២នាក់ ​ស្លាប់​២នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានដល់ទៅ​២៥នាក់​។ ការឆ្លងកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋ​៕ ដោយ៖ធី រីណា

រូបភាព៖Wikipedia


ចែករំលែក៖