ព័ត៌មានទាន់ហេតុការណ៍៖

លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។

ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរស័ព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរស័ព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរស័ព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរស័ព្ទ។

គួរបញ្ជាក់ផងដែលថា ភាពចន្លោះប្រហោងដែលអាចឱ្យក្រុមជនខិលខូចទាញយកទិន្នន័យទាំងនេះ បានកើតឡើងកាលពីមុនពេលក្រុមហ៊ុនហ្វេសប៊ុកធ្វើការកែសម្រួលក្នុងខែសីហាឆ្នាំ២០១៩ ហើយម្យ៉ាងវិញទៀត ទិន្នន័យភាគច្រើនគឺមកពីអ្នកប្រើប្រាស់នៅក្នុងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលី ដូច្នេះសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ។ ប៉ុន្តែប្រសិនបើលោកអ្នកបានប្រើលេខទូរសព្ទជាមួយនឹងកម្មវិធីហ្វេសប៊ុកមុនពេលដែលក្រុមហ៊ុនបានធ្វើការកែសម្រួល លោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកទទួលបានសារណាមួយនោះ ព្រោះវាអាចគ្រាន់តែជាសារបោកបញ្ឆោតតែប៉ុណ្ណោះ៕

ដោយ៖ សិលា


ចែករំលែក៖