ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបើកបុក នឹងកិនម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់មើលសពលែងស្គាល់

ចែករំលែក៖

     ភ្នំពេញ ៖  បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងរន្ធត់មើលសពលែងស្គាល់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកនឹងកិនហើយព្យាយាមបើករត់បានចំងាយប្រហែល២០០ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៨  ខែមករា ឆ្នាំ២០២១ នៅខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣  ភូមិតាំងរនាម  សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ស្លៀកខោក្រណាត់ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR 2500 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣  ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបពណ៌ដីឥដ្ឋ  គ្មានស្លាកលេខធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលមកបុករួចកិនបណ្តាលឲ្យជនរងគ្រោះបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធម៌  ហើយរថយន្តមិនបានព្យាយាមបើករត់បានប្រហែល២០០ម៉ែត្រម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖