ព័ត៌មានទាន់ហេតុការណ៍៖

វិវាទរវាងកញ្ញាឯក សេង រដ្ឋា និងផលិតកម្មមហាហង្សត្រូវបានបញ្ចប់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតបញ្ហាប្រទាំងប្រទើសគ្នារវាងផលិតកម្មមហាហង្សដែលជាអ្នកគ្រប់គ្រងការផលិតកម្មវិធី “Miss Grand Cambodia 2020” និងកញ្ញា សេង រដ្ឋា ដែលជាម្ចាស់មកុដនោះត្រូវបានសម្របសម្រួលបញ្ចប់ជាផ្លូវការហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅលើផេក “Miss Grand Cambodia” ។ 

ប្រភពបានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា “បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន នឹងមេធាវីភាគីខាងកញ្ញាសេង រដ្ឋា មក គូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ ដែលបានកំណត់ដូចខាងក្រោម។សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយភាគីខាងកញ្ញាសេង រដ្ឋា”។ ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។

   ជាមួយគ្នានេះដែរលោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សក៏បានបញ្ជាក់ដែរថា “ពេលវេលាបានមកដល់ទីបញ្ចប់រវាងក្រុមហ៊ុន Mohahang  នឹង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទើបអាចដោះស្រាយបាន។លោកសូមអរគុណនូវការយកចិត្តទុកដាក់តាមដានទាំងអស់គ្នា ពេលនេះការណ៍ពិតបានលាតត្រដាងហើយ ខ្ញុំសូមអស់យោបល់ ហើយសង្ឃឹមថា អ្វីៗនឹងបានល្អប្រសើរ យើងជាខ្មែរដូចគ្នា ត្រូវចេះដោះស្រាយដោយសន្តិវិធី ខ្ញុំបាទសូមសុំទោសជាសាធារណៈនូវពាក្យពេចន៍ខុសឆ្គងកន្លងមក ហើយសូមសន្យាថា កម្មវិធី “Miss Grand Cambodia 2021” នឹងរៀបចំឲ្យបានល្អជាងឆ្នាំ2020 ។ អរគុណគ្រប់យ៉ាងដល់ក្រុមការងារ និងអ្នកគាំទ្រដែលបានជួយលើកទឹកចិត្តខ្ញុំកន្លងមក ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង។ 

ក្រោយពីមានដំណោះស្រាយបែបនេះមកក៏បានលេចចេញនូវការសាទរជាច្រើនជុំវិញការសម្របសម្រួលរហូតលេចចេញដំណឹងវិជ្ជមាននេះ និងអាចធ្វើឲ្យអ្នកគាំទ្រមួយចំនួនហាក់បានស្ងប់ចិត្តបន្តិចផងដែរ។ 

   គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ2020 ឬ Miss Grand International 2020 នឹងត្រូវពន្យារពេលរៀបចំធ្វើឡើងនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំ២០២១ដោយសារតែជំងឺកូវីដ-១៩។ ការអញ្ជើញមកដល់នូវបេក្ខភាពកញ្ញាឯកមកពីបណ្តាប្រទេសច្រើនជាង៧០ប្រទេសនឹងធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ដែលបេក្ខនារីទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនពេលកម្មវីធីសន្និសីទសារព័ត៌មាននិងទទួលទានអាហារពេលល្ងាចស្វាគមន៍ត្រូវបានធ្វើនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ជាបន្តបន្ទាប់កម្មវិធីផ្សេងៗដែលត្រូវធ្វើនៅថ្ងៃបន្តបន្ទាប់មានដូចជា កម្មវិធីទស្សនកិច្ច ការប្រកួតឈុតហែលទឹក ការផ្តល់កិច្ចសម្ភាសន៍ ការហាត់សមឆាក ការប្រកួតឈុតតំណាងជាតិ ការបង្ហាញសមត្ថភាព ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖