ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ១០នាក់ព្យាបាលជាសះស្បើយ

ចែករំលែក៖

     ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺ១០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់ទើបរកឃើញឆ្លងកូវីដ-១៩រួមមាន៖

ទី១- ស្ត្រីជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើក ទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ទី២- ស្ត្រីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាភ្នំ ឃុំឈើកាច់ ខេត្តព្រៃវែង ជាធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៥ មករា ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី ០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុស កូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២១នាក់ ដែលនៅក្នុងចំនួននេះមាន ស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុង រាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ករណីជាសះស្បើយអ្នកជំងឺទាំង១០នាក់រួមមាន៖

ទី-បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ទី– ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ទី-ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ទី៤- ស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ទី៥- ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង០៥រូប ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។

ទី៦- បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ទី៧- ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង០២រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

ទី៨- ស្ត្រីជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ទី៩- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។

ទី១០- ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ប៉ុន្តែស្ត្រីរូបនេះត្រូវនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បន្តដើម្បីមើលថែ កូនប្រុសអាយុ០១ឆ្នាំ ដែលរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១៕

ដោយ៖ សិលា


ចែករំលែក៖