ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សុី ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖  នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន លោកអាណាថូលី បូរូវីក  ឯកអគ្គរដ្ឋទូតរុស្សុី ប្រចាំកម្ពុជា បានសំដែងនូវការរីករាយ ដែលបានមកបំពេញ បេសកកម្ម ការងារការទូតជាថ្មីម្តងទៀតនៅកម្ពុជា បន្ទាប់ពីរូបលោកបានមកតាំងពីឆ្នាំ១៩៨០ តែមកដល់ពេលនេះ បានពិនិត្យ ឃើញពីភាពរីកចំរេីនយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។ 

 លោក ឯកអគ្គរដ្ឋទូតរុស្សី អាណាថូលី បូរូវីក  បានលើកឡេីង ពីកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរកម្ពុជា រុស្សី លេីវិស័យព័ត៌មាន តាំងពីមុនរហូតមកដល់បច្ចុប្បន្ន ហើយតាមរយៈនេះសង្ឃឹមថា បណ្តាញ ផ្សព្វផ្សាយ រុស្សុី កម្ពុជា កាន់តែរីកចំរេីនល្អប្រសេីរឡើងថែមទៀត ជាពិសេសក្នុងតំណាក់កាលជម្រុញ មិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង២ ដែលមានជាងកន្លះសតវត្សមកហេីយ មានភាពចម្រើនបន្តទៅមុខទៀត។

ទន្ទឹមជាមួយគ្នានេះដែរ លោក ឯកអគ្គរដ្ឋទូត មានប្រសាសន៍លេីកឡេីងថា សារព័ត៌មាននៅកម្ពុជា មួយចំនួន មានដកស្រង់ព័ត៌មាន តែពីប្រទេសលោកខាងលិច ដែលផ្ទុយពីការពិតខ្លះ ដែលអាចផ្ទុយពីការពិតខ្លះដោយមិន បានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវអំពីស្ថានភាពនៅក្នុងប្រទេសរុស្សុី ។ដូច្នេះ លោកទូត មានគោលបំណងចង់អោយ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ផ្នែកលើព័ត៌មានខ្លះពីប្រទេសរុស្សុី ដើម្បីអោយមាន តុល្យភាព ក្នុងការផ្តល់ដំណឹង ។ 

 លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយ ស្វាគមន៍ចំពោះការដែលរដ្ឋាភិបាលនៃ ប្រទេសរុស្សុី ដែលបានបញ្ជូន លោក ជាមិត្តចាស់របស់កម្ពុជា មកបំពេញបេសកកម្មការងារការទូតជាថ្មីម្តងទៀត ។ លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា ជាគោលការរបស់ក្រសួងព័ត៌មាន កម្ពុជា តែងតែមានគោលការណ៍សហការ ជិតស្និតជាមួយបណ្តាញផ្សព្វផ្សាយនានា ក្នុងនោះជាមួយ ទីភ្នាក់ងារសារ ព័ត៌មានរុស្សុី ដែលសហការជាមួយក្រសួងព័ត៌មានរួមមាន ៖ – ITAS-TASS , SPUTNIK , ANO “Novosti” (The Russian Today TV Chanel” សុទ្ធតែជាបណ្តាព័ត៌មាន ដែលបាន ក្រសួងព័ត៌មាន ផ្អែកលេីការ ផ្សាយដំណឹង ទាំងអស់ តែទោះជាយ៉ាងណាក៏ ក្រសួងព័ត៌មាន នឹងបន្តខិតខំបន្ថែម ទៀត ដេីម្បីជម្រុញធ្វេី យ៉ាងណាអោយ មានការយល់គ្នា ជាពិសេសស្នេីដល់ស្ថានទូតរុស្សុី នៅពេលការផ្សព្វផ្សាយពីដំណឹងនានា ឬ សេចក្តីថ្លែងការអ្វីមួយ សូមបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា ចាត់ចែងផ្សព្វផ្សាយបន្ត ព្រោះជាគោលការណ៍ រាល់បណ្តាប្រទេស ដែលមានទំនាក់ទំនងជាមួយកម្ពុជា គឺតែងតែផ្អែកលេីការផ្សាយរបស់ស្ថានទូតនានាប្រចាំនៅកម្ពុជា៕

ប្រភព៖ទទក


ចែករំលែក៖