ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី «នីតិវិធីអនុវត្តថវិកាឆ្នាំ២០២១ និងទិសដៅអនុវត្តផែនការសកម្មភាពការទូតសេដ្ឋកិច្ច» ក្រោមអធិបតីភាព លោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រី ឯកអគ្គរាជទូត និងអគ្គកុងស៊ុល ដែលជាប្រធានស្ថានតំណាងបេសកកម្មកម្ពុជានៅបរទេសចំនួន ២៩ប្រទេស ដើម្បីពិភាក្សាពីការវិភាគថវិកាជាតិក្រោមក្របខណ្ឌកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចការទូតឱ្យមានប្រសិទ្ធភាព សំដៅទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចអតិបរមា នៅក្នុងស្ថានភាពបច្ចុប្បន្ន និងក្រោយជំងឺកូវីដ-១៩៕
ដោយ៖ សុខ ខេមរា