ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសដ៏ទំនើបពន្លះម៉ូតូហុងដាឌ្រីមចំពីមុខរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូក៏ត្រូវរថយន្តបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ មួយគ្រឿងពាក់ស្លាកលេខកំពង់ចាម 1E-0313 ក្នុងទិសដៅពីលិចទៅកើត។ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ីស 400h មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-8876 បើកក្នុងទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចរាយការណ៍បន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖