ក្រសួងយុត្តិធម៌អុីរ៉ង់បានសម្រេចកាត់ទោសប្រហារជីវិតមេដឹកនាំក្រុមជនជាតិBaluch ក្រោយរងការចោទប្រកាន់ពីបទសម្លាប់ សមាជិកក្រុមបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ ។
គេហទំព័រ Mizan បានផ្សាយថា លោក Javid Dehghan មេដឹកនាំក្រុមឧទ្ទាមអ៊ិស្លាមនិកាយSunni Jaish al-Adl ត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ.ក នៅថ្ងៃទី ៣០ខែមករាឆ្នាំ២០២១ ពីបទបាញ់សម្លាប់ទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ពីរនាក់កាលពី៥ឆ្នាំមុន។
មុនប្រហារជីវិតមួយថ្ងៃ គឺនៅថ្ងៃទី២៩ខែមករា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់អុីរ៉ង់បញ្ឈប់ការប្រហារជីវិត Javid Dehghan ។ ទន្ទឹមនឹងនោះក៏បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពប្រហារជីវិតខាងលើ។
តាមការិយាល័យតំណាងអង្គការសហប្រជាជាតិ ចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០មកទល់ពេលនេះអុីរ៉ង់បានប្រហារជីវិតមនុស្សដល់ទៅ ២៨នាក់ ក្នុងនោះមានទាំងក្រុមជនជាតិភាគតិចក្នុងប្រទេសនេះផងដែរ។
តាមការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថា ការកាត់ទោស លោក Dehghan ពឹងផ្អែកទៅលើសម្តីសារភាព ក្រោយការធ្វើទារុណកម្ម ។ តាមអង្គការលើកលែងទោសអន្តរជាតិ អុីរ៉ង់ជាប្រទេសដែលធ្វើទារុណកម្មខ្លាំងបំផុតទីពីរលើពិភពលោកបន្ទាប់ពីប្រទេសចិន៕
ដោយ៖ធី រីណា(រូបភាព៖ Reuters)