ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តធ្វើការងារកសាងអង្គភាព បង្កបងើ្កនផល សហការជាមួយកម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័ក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចេញបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តការងារកសាង និងជួសជុលផ្ទះស្នាក់នៅរបស់កងទ័ពចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ចូលរួមប្រឡងប្រណាំងក្នុងការបង្កបង្កើនផលនិងចិញ្ចឹមសត្វក្នុងអង្គភាពដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ក្នុងការលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យមានការរីកចម្រើន។

ថ្ងៃនេះផងដែរ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព លោកមេបញ្ជាការ បានចាត់តាំងកម្លាំងមួយចំនួនបន្តសហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទាំង៣ (អូរស្មាច់ ថ្មដូន និងជប់គគី) កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងទប់ស្កាត់មិនឲ្យប្រជាពលករឆ្លងដែនខុសច្បាប់នៅតាមច្រករបៀងផ្សេងៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្លាំងសហការការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង៧ក្នុងខេត្តឧត្តរមានជ័យ និងការពារមិនឲ្យពលករចេញក្រៅមណ្ឌលក្នុងពេលអនុវត្តចត្តាឡីស័កតាមការណែនាំកំណត់របស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ១៧:០០នាទី ថ្ងៃនេះ មានបងប្អូនប្រជាពលករខ្មែរសរុបចំនួន១២៩នាក់ ស្រីចំនួន៤៩នាក់ដែលបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ហើយកងកម្លាំងទាំង៣ប្រភេទក្នុងខេត្ត សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានសម្របសម្រួល ដោយដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័កទាំង៧ ដែលបានកំណត់ទុកក្នុងខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ក្នុងថ្ងៃនេះផងដែរមានប្រជាពលករខ្មែរ បានធ្វេីចត្តាឡីស័កចប់ ចំនួន២១៧នាក់ ស្រី១០៥នាក់ និងបានឲ្យត្រឡប់ទៅមូលដ្ឋានសាមុីខ្លួនវិញ៕

ដោយ៖ សិលា


ចែករំលែក៖