សារព័ត៌មាន ABC News បានផ្សាយថា មេធាវីទាំង៥នាក់ដែលជាតំណាងឲ្យអតីតប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ទោសនៅព្រឺទ្ធសភានាថ្ងៃទី ៨ខែកុម្ភៈនោះ ពេលនេះបានចាកចេញពីប្រធានាធិបតីដូណាល់ត្រាំ ហើយ។ ក្រុមមេធាវីរបស់លោកត្រាំ ដឹកនាំដោយលោកButch Bowers បានសម្រេចដកខ្លួនចេញដោយសារតែការមិនចុះសម្រុងគ្នាក្នុងវិធានការការពារក្តី។ មិនតែប៉ុណ្ណោះ លោកត្រាំចង់ឲ្យក្រុមមេធាវីរបស់លោករក្សាគោលជំហរថាការបោះឆ្នោតកន្លងមកមានការបន្លំ ។ អតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបានរដ្ឋសភាបោះឆ្នោត សម្រេចចោទប្រកាន់ទោសកាលពីថ្ងៃទី១៣ខែមករា ពីបទញុះញង់បង្កហិង្សានៅវិមានរដ្ឋសភាកាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានទាំង ប៉ូលិសម្នាក់ផងដែរ។ នៅមុនពេលអំពើហិង្សាកើតឡើងនៅក្នុងវិមានកាពីតូល លោកត្រាំបានថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រខ្លួនឲ្យសំដៅទៅកាន់រដ្ឋសភា ពេលកំពុងប្រជុំអនុម័តលទ្ធផលបោះឆ្នោត ។ លោកត្រាំ បានលើកឡើងថា ក្រុមបាតុករគួតែតស៊ូដើម្បីរូបលោក។ ប្រសិនបើព្រឹទ្ធសភាអាមេរិកចោទប្រកាន់ទោសបានជោគជ័យនោះ អតីតប្រធានាធីបតី ដូណាល់ ត្រាំ នឹងត្រូវបាត់បង់ផលប្រយោជន៍គ្រប់យ៉ាងដែលអតីតប្រធានាធិបតីអាមេរិកទទួលបាន ក្នុងនោះមានទាំងប្រាក់ខែផងដែរ៕ ដោយ៖ធី រីណា
រូបភាព៖AP