ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវក្រុមជនសង្ស័យ៤នាក់យកកាំបិតកាប់បណ្ដាលឲ្យស្លាប់យ៉ាងវេទនាបំផុត

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំបិតនិងដំបង​បានព្រួតកាប់និងវាយទៅលើបុរសម្នាក់យ៉ាងសាហាវឃោរឃៅបំផុតបណ្ដាលឲ្យស្លាប់។ ករណី​ឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០២១​ វេលាម៉ោង​១៨​ និង​៥០នាទីនៅចំណុចមុខផ្ទះជនរងគ្រោះត្រង់ទំនប់៣៨​ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ​ ខេត្តកណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា  ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វ៉ាន់ វុន​ ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យមានគ្នា៤នាក់(គេចខ្លួន)មាន៖

ទី១-ឈ្មោះ លន  សុខវី​ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី​ ។

ទី២-ឈ្មោះ លន សុខវឿន​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរនេសាទត្រី។

ទី៣-ឈ្មោះ លន សុខវន​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ មុខរបនេសាទត្រី ។

ទី៤-ឈ្មោះ ស៊ាង ឌៀប​  ភេទប្រុស​ អាយុ​៣១ឆ្នាំ​  ជនជាតិ​វៀតណាម​ មុខរបរនេសាទត្រី។ ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិ​ព្រែក​តារ័ត្ន​ ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។ 

    ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ​ អុីម​ សុខងីម​ ភេទស្រី​ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ​បានឱ្យដឹងថាៈ​ នៅមុនពេលកេីតហេតុ​គឺនៅវេលាម៉ោងប្រមាណជា១៧​ និង៣០នាទី​ ប្ដីរបស់ខ្លួន​ ដែលជាជនរងគ្រោះ​ បានត្រឡប់មកពីលេងផ្ទះបងប្អូននៅឯឃុំក្អមសំណ ស្រុកលេីកដែកវិញ ពេលមកដល់ផ្ទះស្ថិតក្នុងស្ថានភាពស្រវឹងស្រា​ ហេីយក៏ទៅដេកនៅលេីអង្រឹងក្នុងរោងបាយទៅ។ 

    លុះនៅពេលកេីតហេតុ​ វេលាម៉ោ​ង​១៨​ និង៥០នាទី​ ស្រាប់តែឈ្មោះ​ ស៊ាង​ ឌៀប​ ភេទប្រុស​ ជនជាតិ​វៀតណាម​ដែលមានផ្ទះនៅខាងកេីតផ្ទះខ្លួន​បានជិះម៉ូតូមកហៅជនរងគ្រោះឱ្យទៅផឹកស្រាជាមួយពួកខ្លួន​  តែជនរងគ្រោះពុំព្រមទៅ​ ដោយសារតែឈ្មោះ​ ស៊ាង​ ឌៀប​ និងបក្ខពួកធ្លាប់បាននិយាយជេរឌឺដងដាក់​គាត់។ ភ្លាមនោះស្រាប់តែពួកគេទាំង២នាក់ទាក់ពាក្យសម្ដីគ្នាខ្លាំងឡេីងៗ​  រហូតដល់បានដេញវាយគ្នាទៅវិញទៅមកទៅដល់ជិតមុខរោងអ្នកតាភូមិ​ ដែលនៅខាងលិចផ្ទះខ្លួនបន្តិច​ ហេីយបន្ទាប់មកបន្ទាន់ៗគ្នានោះ​ ជនសង្ស័យទាំង៣នាក់បងប្អូន​ មានឈ្មោះ​ លន​ សុខវឿន​(កាន់កាំបិតផ្គាក់) ,លន​ សុខវី​(កាន់កាំបិតផ្គាក់),​ លន​ សុខវន​ (កាន់ដំបងឈេី) បានរត់មកព្រួតវាយនិងកាប់ទៅលេីជនរងគ្រោះ​តែម្ដង​ ធ្វេីឱ្យជនរងគ្រោះរត់គេចមកដល់ក្បែរពាងទឹកខាងមុខផ្ទះខ្លួន​ ហេីយពួកជនសង្ស័យទាំង៤នាក់ខាងលេី​ ក៏បានដេញតាមប្ដូរគ្នា​កាប់​ម្ដងម្នាក់បន្ថែមទៀតទៅលេីជនរងគ្រោះទាំងដែលជនរងគ្រោះដួលទៅនឹងដីទៅហេីយ​ ទោះជាខ្លួន(ប្រពន្ធ​ជនរងគ្រោះ​)​ យំស្រែកអង្វរ​ និងស្រែកឱ្យគេជួយយ៉ាងណាក៏ដោយ​ក៏គ្មានអ្នកណាហ៊ានជួយដែរ។ ក្រោយពីធ្វេីសកម្មភាពរួច​ ជនសង្ស័យ​ទាំង៤នាក់​ បានកាន់កាំបិតគេចខ្លួនបាត់​។ ចំណែកគាត់ជាប្រពន្ធជនរងគ្រោះ​ ក្រោយពីឃេីញថាប្ដីខ្លួនត្រូវបានស្លាប់បាត់ហេីយ​ ខ្លួនក៏បានជិះម៉ូតូទៅប្រាប់បងប្អូនឱ្យមកជួយមេីល​ និងរាយការណ៍ជូននគរបាលតែម្ដង។ 

    ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យឃេីញថាសាកសពជនរងគ្រោះមានស្លាកស្នាមចំនួន១២កន្លែងៈ ១-មានស្នាមមុត​ដាច់ដោយវត្ថុរឹងមុខស្រួចលេីស្លាបប្រចៀវខាងឆ្វេង​ប្រវែង២០ស.ម​ ទទឹង៧ស.ម​ ជម្រៅដល់ឆ្អឹង,​ ២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​លេីខ្នងខាងឆ្វេងប្រវែង១២ស.ម​ ទទឹង៦ស.ម​ ជម្រៅដល់ឆ្អឹង,​៣-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​លេីចង្កេះខាងឆ្វេង​ប្រវែង​២០ស.ម​ ទទឹង​៤ស.ម​ ជម្រៅដល់ឆ្អឹង,​៤-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​លេីក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេងប្រវែង១១ស.ម​ ជម្រៅ​ដល់ឆ្អឹង,​៥-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​ ខាងក្រោយគុម្ពត្រចៀកខាងឆ្វេងប្រវែង៦ស.ម​ ជម្រៅ​ដល់ឆ្អឹង,​៦-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​ក្រោមគុម្ពត្រចៀកខាងស្ដាំចំនួន២កន្លែងប្រវែង១២ស.ម​ ជម្រៅ​ដល់ឆ្អឹងដូគ្នា,​៧-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួចលេីស្មាខាងស្ដាំប្រវែង១២ស.ម​ ជម្រៅ​ដល់ឆ្អឹង,​៨-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​ចំថ្គាមក្រោមថ្ពាល់ខាងស្ដាំប្រវែង៦ស.ម​ ជម្រៅ​ដល់ឆ្អឹង,​៩-​ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​លេីខ្នងកដៃខាងស្ដាំចំនួន៣កន្លែង​ជម្រៅ​ដល់ឆ្អឹងដូចគ្នា,​១០-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​ លេីកដៃខាងឆ្វេងចំនួន២កន្លែងប្រវែង៥ស.ម​ ជម្រៅ​២ស.ម​ដូចគ្នា,​១១-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​លេីកែងដៃខាងឆ្វេងចំនួន១កន្លែង​ ប្រវែង១២ស.ម​ ជម្រៅ​២ស.មនិង១២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច​ លេីស្មងជេីងខាងស្ដាំ១កន្លែងប្រវែង១១ស.ម​ ជម្រៅ​ដល់ឆ្អឹង។ ស្លាកស្នាមទាំង១២ចំណុចខាងលេី​ អាចមុតដាច់ដោយវត្ថុរឹងមុខស្រួច(កាំបិត)។ ការសន្និដ្ឋាន​៖​ ករណី​នេះជាអំពេីឃាតកម្ម។ 

    ក្រោយពីពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ​សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖