ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ពាក់ព័ន្ធស្ថានភាពចាប់ខ្លួនមេដឹកនាំ និងប្រធានាធិបតីនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមិនថ្លែងសារអ្វីពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធស្ថានភាពចាប់ខ្លួនមេដឹកនាំ និងប្រធានាធិបតីនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមិនថ្លែងសារអ្វីពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ។ សម្តេចបានថ្លែងបែបនេះ នាឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។

សូមបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឡើងកាន់អំណាច ប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក ក្រោយពេលធ្វើរដ្ឋប្រហារ។
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក​ Min Aung Hlaing បានឡើងកាន់អំណាចដឹកនាំប្រទេស ក្រោយពេលធ្វើរដ្ឋប្រហារ ហើយប្រធានាធិបតីត្រូវបានចាប់ខ្លួន ព្រមទាំងលោកស្រីអង់សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោមច្បាប់អាជ្ញាសឹក ក្នុងរយៈពេល​១ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសនេះត្រូវបិទទាំងអស់ទាំងបណ្តាញអុីនធឺណេត លើកលែងតែ ទូរទស្សន៍ ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានមីយ៉ាន់ម៉ា ។ អគ្គមេបញ្ជាការ Min Aung Hlaing ឡើងកាន់តំណែងដឹកនាំប្រទេសក្នុងរយៈពេល​១ឆ្នាំនៃច្បាប់អាជ្ញាសឹក។
កម្លាំងទាហានជាច្រើនបានដាក់ពង្រាយការពារនៅទីក្រុងធំៗក្នុងប្រទេសនេះ ពិសេសក្នុងរដ្ឋធានី Naypyitaw ។ រដ្ឋប្រហារខាងលើគឺពាក់ព័ន្ធនឹងការបោះឆ្នោតមិនមានតម្លាភាព​។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យកម្លាំងទាហាន មីយ៉ាន់ម៉ា លោកZaw Min Tun បានបញ្ជាក់ថា អគ្គមេបញ្ជាការ ដែលជាបុគ្គលមានឥទ្ធិពលបំផុត ក្នុងប្រទេសនេះ បានលើកឡើងថា ការបោះឆ្នោតមិនមានតម្លាភាព មិនយុត្តិធម៌។
នៅពេលនេះគឺគេមិនទាន់ដឹងថា លោកស្រី អង់សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលទាហានចាប់ខ្លួន ស្ថិតនៅទីកន្លែងណានោះឡើយ។ ការចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី គឺនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១ខែកុម្ភៈឆ្នាំ ​២០២១។
សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមីយ៉ាន់ម៉ា​ ធ្លាក់នៅក្នុងគន្លងចាស់ ដឹកនាំដោយកម្លាំងយោធា និងការធ្វើបាតុកម្ម បង្ហូរឈាមជាច្រើនទៀតដូចអតីតកាល​៕

ដោយ៖ សិលា


ចែករំលែក៖