ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅគ្រាដែលគាត់ព្យាយាមឡើងបេះផ្លែក្រឡាញ់យកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែជាអកុសលបានបាក់មែកធ្លាក់ស្លាប់បែបនេះ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង ២០នាទី ព្រឹកថ្ងៃអាទិត្យ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ព្រៃលើខ្នងភ្នំលីពីន ស្ថិតនៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ មួយ សុីនឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ ។
ប្រភពពីអាជ្ញាធរដដែលបន្តទៀតថា ជនរងគ្រោះឡើងបេះផ្លែក្រឡាញ់កម្ពស់ប្រមាណ៧ម៉ែត្រ ជាអកុសលបានបាក់មែកធ្លាក់ស្លាប់ភ្លាមៗ។ ករណីនេះមន្រ្តីជំនាញសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែកងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន