ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ៖ អ្នកមិនពាក់ម៉ាស់ធ្វើដំណើរតាមទីសាធារណៈនឹងរងការផាកពិន័យ

ចែករំលែក៖

រដ្ឋបាលគ្រប់គ្រងសន្តិសុខដឹកជញ្ជូន (TSA) បានសម្រេច ផាកពិន័យអ្នកដំណើរណាដែលមិនគោរពច្បាប់​ពាក់ម៉ាស់នៅទីសាធារណៈ ។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិកបានចេញបទប្បញ្ញត្តិដែលតម្រូវឲ្យ មនុស្សពាក់ម៉ាស់ពេលធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ ពីរដ្ឋមួយទៅកាន់រដ្ឋមួយ រួមទាំងយន្ដហោះ តាក់ស៊ីនិងរថភ្លើង។
ច្បាប់ខាងលើមានប្រសិទ្ធភាព ចាប់ពីវេលាម៉ោង២៣និង​៥៩នាទី(ម៉ោងអាមេរិក) ថ្ងៃទី​១ខែកុម្ភៈ​។ ការមិនពាក់ម៉ាស់ គឺជាការបំពានច្បាប់ ប៉ុន្តែសម្រាប់រថយន្តផ្ទាល់ខ្លួននឹងមិនពិន័យឡើយ​។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២៥,៤៥៤នាក់ទៀតបានឆ្លង COVID-19 ខណៈដែលអ្នកជំងឺ ១,៩០៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៩១១,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៥៤,២១៣នាក់ និងជាសះស្បើយឡើងសរុប ១៦,៦២៩,៥៣០លាននាក់។
នៅចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19នេះ សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ លោក ចូ បៃឌិន បានប្តេជ្ញាប្រើប្រាស់ពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច ដើម្បីចាក់វ៉ាក់សាំងឲ្យបាន ១០០លានដូសផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖