ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោក​ ថា៖​ មីយ៉ាន់ម៉ា ការគ្រប់គ្រងអំណាចដោយយោធា កំពុងបង្កការគំរាមកំហែងយ៉ាងធំមួយ ក្នុងការអភិវឌ្ឍប្រទេសអាស៊ានមួយនេះ

ចែករំលែក៖

អន្តរជាតិ៖​​ បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈឆ្នាំ២០២១បានចុះផ្សាយថាធនាគារពិភពលោក (World Bank) នៅថ្ងៃចន្ទទី០១កុម្ភៈនេះ (ពេលវេលានៅអាមេរិក) បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការឡើងគ្រប់គ្រងអំណាចដោយយោធា ហើយវាកំពុងបង្កការគំរាមកំហែងយ៉ាងធំមួយ ចំពោះការអភិវឌ្ឍប្រទេសអាស៊ានមួយនេះ។

ជាក់ស្តែងយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងបុគ្គលិក និងដៃគូរបស់យើងផងដែរ ហើយយើងក៏បារម្ភអំពីការកាត់ផ្តាច់ប្រព័ន្ធទាក់ទងទាំងនៅក្នុងមីយ៉ាន់ម៉ាផ្ទាល់ និងជាមួយពិភពលោកខាងក្រៅផងដែរ»

ជាមួយគ្នានោះធនាគារពិភពលោកបានសង្កត់ធ្ងន់ថា ខ្លួនគឺជាដៃគូដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រការធ្វើអន្តរកាលរបស់មីយ៉ាន់ម៉ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ សម្រាប់មួយទសវត្សរ៍ចុងក្រោយនេះ និងក្នុងកិច្ចប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពប្រសើរឡើងនៃការធ្វើបរិយាប័ន្នសង្គម។ធនាគារពិភពលោកបានបញ្ជាក់បន្ថែមថា ខ្លួននៅតែប្តេជ្ញាចំពោះគោលដៅទាំងនេះដដែល។

សូមរម្លឹកដែរថា បន្ទាប់ពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី១កុម្ភៈម្សិលមិញនេះបានចាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជីមេដឹកនាំមីយ៉ាន់ម៉ាហើយអំណាចទាំងអស់ត្រូវបានផ្ទេរឲ្យទៅ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ។

ដោយឡែកបើតាមការអះអាងពីយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការធ្វើបែបនេះគឺឆ្លើយតបចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបោះឆ្នោតគ្មានតម្លាភាពកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕

ដោយ៖ស​ តារា


ចែករំលែក៖