ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្រោយពីអតីតកញ្ញាឯក សេង រដ្ឋាទទួលបានតំណែងជាតួឯកក្នុងការសម្តែងខ្សែភាពយន្តភាគលើកដំបូងមែន ប៉ុន្តែ សេង រដ្ឋា ទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាល្បីៗឡើយ។ តំណែងនិងតម្លៃខ្លួននេះត្រូវបានទម្លាយមួយថ្ងៃប៉ុណ្ណោះក្រោយពីការប្រកាសផ្ទេរតំណែងម្ចាស់មកុដរូបនេះទៅឲ្យម្ចាស់ជ័យលាភីរងលំដាប់ទី២ក្តៅៗនោះ។
ខ្សែភាពយន្តភាគ រឿង “ បាបស្នេហ៍អតីត” ដែលកញ្ញាសេង រដ្ឋា បានចូលរួមសម្តែងនោះបានរៀបចំពិធីក្រុងពាលីនៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការផលិតដោយផលិតកម្ម Ad Music ដែលគេដឹងថាធ្លាប់ផលិតខ្សែភាពយន្តសម្រាប់ទូរទស្សន៍PNNជាបន្តបន្ទាប់នោះ។ក្នុងខ្សែភាពយន្តនេះអតីតកញ្ញាឯក Miss Grand Cambodia 2020 រូបនេះនឹងសម្ដែងជាតួឯករួមគ្នាជាមួយតារាសម្តែងលោក ឃឹម សានីត និងសិល្បករមួយចំនួនទៀតរួមទាំងតារាសម្តែងលោក សាវីន ហ្វីលីពជាដើម។ សេង រដ្ឋា ស្នើមិនរំលឹកអំពីរឿងរ៉ាវចាស់ជាប់ពាក់ព័ន្ធនឹងផលិតកម្មព្រោះរឿងរ៉ាវបានបញ្ចប់ដោយសន្តិវិធីហើយ។ កញ្ញានិយាយថា រឿងដែលត្រូវគិត និងបង្ហាញសមត្ថភាពបន្ដនោះ គឺទទួលយកការងារ និងចាប់ផ្ដើមការងារសម្ដែងនេះជាដើម។នាងបញ្ជាក់ថាតំណែងតួឯកស្រីក្នុងខ្សែភាពយន្តភាគដំបូងដែលនាងទើបទទួលបាននេះ គឺមានតម្លៃខ្លួន៥ពាន់ដុល្លារបូករួមនឹងអត្ថប្រយោជន៍មួយចំនួនទៀត។ នាងបញ្ជាក់ដែរថា ក្រៅពីការងារថតខ្សែភាពយន្ត នាងក៏ទទួលបានការថតស្ប៉តពាណិជ្ជកម្ម និងសម្អាងការផ្សេងៗដែរ ។
តម្លៃខ្លួននេះត្រូវបានក្រុមអ្នកសិល្បៈលើកឡើងថាជាតម្លៃខ្លួនមួយខ្ពស់ស្មើនឹងតារាលំដាប់ជួរមុខ ឬ Grad Aនៅកម្ពុជា ប៉ុន្តែនាងពិតជាស័ក្តិសមទៅនឹងរូបសម្បត្តិទេពកោសល្យ និងកេរ្តិ៍ឈ្មោះរបស់នាង។
គួរបញ្ជាក់ដែរថា កញ្ញា សេង រដ្ឋា អតីត ម្ចាស់មកុដ Miss Grand Cambodia 2020 បានសម្រេចចិត្តបោះបង់តំណែង ក្រោយពីលេចចេញភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុន។ ទោះជាយ៉ាងណាប៉ុន្មានថ្ងៃមុនពេលនៃការប្រកាសដកតំណែងមកដល់ គេបានឃើញនាងបង្ហាញសមត្ថភាពសិល្បៈមួយចំនួន រួមទាំងការហ្វឹកហាត់ដើរបង្ហាញម៉ូដ និងការគ្រងឈុតសម្លៀកបំពាក់ប្រណីតមួយចំនួនគួរឲ្យទាក់ទាញ។ ការលេចមុខក្នុងប្រវត្តិជាអ្នកសម្តែងលើកដំបូងនឹងក្លាយជារបត់ថ្មីសម្រាប់តារាស្រីរូបនេះលេចមុខក្នុងវិស័យសិល្បៈទី៧មួយនេះ ហើយក៏ជាការបើកផ្លូវបន្តទៅកាន់ភាពជោគជ័យ និងអាចបំពេញចិត្តអ្នកគាំទ្រនាងផងដែរ។ ការទទួលបានតំណែងលើកដំបូងនេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនាងអមដោយសារសាទរជាច្រើនចំពោះតំណែងថ្មីមិនគួរឲ្យជឿ និងជាអ្វីដែលអ្នកគាំទ្រនាងចង់បានព្រោះតែការរបូតតំណែងចេញទៅប្រកួតនៅក្រៅប្រទេសបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនខកចិត្តខ្លាំងនោះ។ ស្នាដៃសម្តែងដំបូងក្នុងតំណែងតួឯកនេះក៏ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់នាងក្នុងវិស័យសម្តែង បើទោះបីជាបទពិសោធន៍សម្តែងនាងនៅក្មេងខ្ចីក៏ដោយ ប៉ុន្តែជាឱកាសក្នុងការលើកមុខមាត់ និងហ្វឹកហាត់សមត្ថភាពបន្ថែមលើវិស័យសិល្បៈមួយនេះ ហើយគេរំពឹងថានាងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា