ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបអាចនឹងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិននិងរុស្ស៊ី

ចែករំលែក៖

ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោកស្រីUrsula von der Leyen បានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ីនិងចិន​ អាចនឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​ក្នុងសហគមន៍អឺរ៉ុប ប្រសិនបើ​ប្រទេសទាំងពីរផ្តល់របាយការណ៍ច្បាស់លាស់។ លោកស្រីបន្តទៀតថា ប្រសិនបើ រុស្ស៊ីនិងចិន បានបង្ហាញរបាយការណ៍គ្រប់គ្រាន់​​នឹងទទួលបានការអនុម័ត ។
បណ្តាប្រទេសសហគមន៍អឺរ៉ុប​មានបំណងចង់បានវ៉ាក់សាំងរបស់រុស្ស៊ីSputnik V ​ដែលមានប្រសិទ្ធភាព​ដល់ទៅ​៩១,៦ភាគរយ។ នៅថ្ងៃទី​២ខែកុម្ភៈនេះ ប្រទេសហុងគ្រី ដែលជាប្រទេសស្ថិតនៅតំបន់អឺរ៉ុបទទួលបានវ៉ាក់សាំងដំបូងពីរុស្ស៊ី​។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក​Peter Szijjarto បានបញ្ជាក់ថាទើបទទួលបានវ៉ាក់សាំងចំនួន​៤ម៉ឺនដូស ពីរុស្ស៊ី ។តាមគម្រោងរុស្ស៊ីនឹងផ្តល់ជូន ​២លានដូសក្នុងរយៈពេល​៣ខែ។ ក្រៅពីនេះហុងគ្រី ក៏មានបញ្ជាទិញពីប្រទេសចិនផងដែរ។
ចំណែកវ៉ាក់សាំងរបស់ចិនវិញ បើទោះបីមានប្រសិទ្ធភាពទាបជាងបណ្តាក្រុមហ៊ុននានា តែចិនបាននាំចេញទៅកាន់ប្រទេសជាច្រើន​ ។ នៅថ្ងៃទី​៣ខែកុម្ភៈនេះ មជ្ឈមណ្ឌលជាតិបញ្ជាការ និងប្រតិបត្ដិការ (NCOC) នៃប្រទេសប៉ាគីស្ថាន បានប្រកាសថាវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលបានបរិច្ចាគដល់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន ត្រូវបានចាប់ដំណើរការចាក់ជាផ្លូវការ នៅទូទាំងប្រទេសហើយ ។
NCOC បានធ្វើពិធីមួយឡើង ដើម្បីជាកិច្ចបើកដំណើរការចាក់វ៉ាក់សាំង COVID-19 ជាផ្លូវការ ជូនដល់បុគ្គលិកជួរមុខចំនួន៣នាក់ ដែលមកពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យធំៗចំនួន២ ដែលមានមូលដ្ឋាននៅរដ្ឋធានី នៃប្រទេសប៉ាគីស្ថាន។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ចំនួន ៥០០,០០០ដូសបានមកដល់ប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ពីទីក្រុងប៉េកាំង ដែលដឹកជញ្ជូនតាមរយៈយន្តហោះពិសេសរបស់កងទ័ពអាកាសប៉ាគីស្ថាន។តាមគេហទំព័រ Worldometers ប្រទេសប៉ាគីស្ថាន មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៤៩,០៣២ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៨០២នាក់ ៕ ដោយ៖ធី រីណា

រូបភាព៖AFP


ចែករំលែក៖