ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងបើកលឿនដូចហោះ​ហេីយរេចង្កូតទៅបុករះរ៉ឺម៉ក់ម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរថយន្តប្រមូលសំរាមមួយគ្រឿងរបស់ក្រុមហ៊ុនស៊ិនទ្រី​ បានបើកលឿនដូចហោះហេីយរេចង្កូតឡើងលើខឿនមកបុករះម៉ូតូសណ្តោងរ៉ឺម៉កនិងអ្នកថ្មើរជើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា អ្នកថ្មើរជើងទី១ មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកថ្មើរជើងទី២ មានឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរាំងដែក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក DAEWOO ពណ៌លឿង គ្មានស្លាកលេខ របស់ក្រុមហ៊ុនស៊ិនទ្រី បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះរ៉ឺម៉កម៉ូតូ និងមនុស្សពីរនាក់បណ្ដាលឱ្យអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ។  ក្នុងនោះ​រថយន្តបង្កបានរងការខូចខាតស្រាល រីឯម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាតយ៉ាងដំណំ​ ហេីយអ្នកបើកបររថយន្ដបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុផងដែរ​ ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរ៉ឺម៉ករងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖