ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតី ពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ ព្រមទាំងលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានប្រារព្ធនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំ លោកអភិបាលស្រុកពញាឮ អស់លោក លោកស្រីជាក្រុមការងារ  សរុបប្រមាណជាង ២៥០នាក់ផងដែរ ។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮថ្មីនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជកម្ពុជា បាន
ចាប់ផ្តើមដំណើរការសាងសង់​កានពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនាពេលនេះ ដោយការងារសាងសង់រួមមាន ៖
– ចាក់ដីបំពេញបរិវេណទីធ្លាទីស្នាក់ការបក្ស
– សង់ក្លោងទ្វារថ្មី និងចាក់ផ្លូវបេតុងថ្មីចូលទីស្នាក់ការបក្ស
– កែលម្អអគារស្នាក់ការបក្សចាស់ ជាសាលប្រជុំខ្នាតតូចថ្មី
– ជួលជុលកែលម្អអគារការិយាល័យគណបក្សស្រុក
– រៀបចំសួនច្បារលម្អរបរិវេណទីស្នាក់ការបក្ស
–  សាងសង់អគារស្នាក់ការបក្សថ្មី ទំហំ ៣២ម៉ែត្រ X ១២ម៉ែត្រ កម្ពស់ ០២ជាន់ ដែលមានបន្ទប់សាលប្រជុំធំ ៥០០នាក់ ចំនួន ០១ និងបន្ទប់ការិយាល័យធំ ចំនួន ០៥ សម្រាប់បម្រើតាមវិស័យផ្សេងៗ ។

នៅក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធ័រ ១៣ឈុត ជូនការិយាល័យបក្សស្រុក ០២ឈុត និងតាមបណ្តាឃុំទាំង ១១ ក្នុង០១ឃុំ ០១ឈុតផងដែរ ក្នុងការជួយសម្រួលកិច្ចការដ្ឋបាលប្រចាំថ្ងៃ ដើម្បីបន្តរបម្រើដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

អគារស្នាក់ការថ្មីខាងលើនេះ ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋានស្រុកពញាឮ ដែលបានលេចឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់​រាល់ការលំបាក​ដើម្បីដឹកនាំប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍរីកចម្រើនជាលំដាប់ ភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖