ព័ត៌មានទាន់ហេតុការណ៍៖

លោកមេឃុំក្រោលគោស្រុកស្វាយជ្រំនិងក្រុមការងារចុះពិនិត្យមើលផ្លូវលំ៥ខ្សែដែលបងប្អូនប្រជាពលរដ្ឋកំពុងតែស្ថាបនាដោយដៃនៅក្នុងភូមិ២

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោបានដឹកនាំក្រុមប្រឹក្សាឃុំមានទាំងមេភូមិ អនុភូមិនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានចុះពិនិត្យមើលផ្លូវលំ៥ខ្សែដែលបងប្អូនប្រជាពលរដ្ឋជាច្រើននាក់កំពុងតែធ្វើនិងលើកដោយដៃមានបង្គី ចបយ៉ាងសស្រាក់សស្រាំស្ថិតនៅភូមិបឹងរ៉ៃខាងត្បូងនិងភូមិឫស្សីជួរខាងត្បូងក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។

ក្នុងឱកាសនោះលោក ភោគ វណ្ណថន មេឃុំក្រោលគោបានឱ្យដឹងថាផ្លូវលំ៥ខ្សែនោះគឺមានទទឹង៦ម៉ែត្រនិងកម្ពស់៧តឹក ខណៈបងប្អូនប្រជាពលរដ្ឋមានក្មេងមានចាស់ក្នុងទឹកមុខសប្បាយរីករាយកំពុងតែនាំគ្នាធ្វើសកម្មភាពលើកផ្លូវដោយដៃនាពេលនេះគឺមានចំនួន២ភូមិមានដូចជាភូមិបឹងរ៉ៃខាងត្បូងចំនួន៣ខ្សែសរុបប្រវែងប្រមាណចំនួន៤០០៣ម៉ែត្រ។

ភូមិឫស្សីជួរខាងត្បូងមាន២ខ្សែសរុបប្រវែងចំនួន១៩៥០ម៉ែត្រ បើគិតជាភាគរយបានសម្រេចប្រមាណ៨៥ភាគរយហើយ។មិនតែប៉ុណ្ណោះលោកមេឃុំក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិបឹងរ៉ៃខាងត្បូងនិងភូមិឫស្សីជួរខាងត្បូងត្រូវចេះជួយថែរក្សាផ្លូវទាំង៥ខ្សែនេះ ព្រោះវាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។

ជាមួយគ្នានោះលោកមេឃុំក៏សូមអរគុណដល់សន្តិភាព បើមិនមានសន្តិភាពទេក៏មិនមានថ្ងៃនេះដែរ ពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងមានការចង្អុលបង្ហាញយកចិត្តទុកដាក់ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងក៏ដូចជាលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើឱ្យខេត្តមួយនេះនិងគ្រប់ក្រុងស្រុកមានការអភិវឌ្ឍប្រែមុខមាត់និងរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងដែលតែងតែយកចិត្តទុកដាក់ចុះពិនិត្យមើលផ្លូវលំមួយចំនួនដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងឃុំក្រោលគោនេះផងដែរ។

លោកក៏បានរំលឹកអំពីការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពនៃការឆ្លងកូវីដ-១៩ចូលសហគមន៍នេះមិនទាន់បានបិទបញ្ចប់នៅឡើយទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាអាជ្ញាធរដែនដីដោយត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់និងនៅគម្លាតគ្នាជាដើម។

បន្ទាប់មកលោកនិងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជីកស្រះទឹកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ដែលជាស្រះសហគមន៍ដោយ

ស្រះទឹកនេះគឺមានទទឹងប្រមាណ៤០ម៉ែត្របណ្ដោយ៦០ម៉ែត្រនិងមានជម្រៅ៣ម៉ែត្រស្ថិតក្នុងភូមិព្រៃខ្លាផងដែរ៕ យឹម សុថាន


ចែករំលែក៖