ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ស្ដីពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋានខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង០៥, ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, ផ្សារទាំង០២, តំណាងក្រុមហ៊ុន ស៊ីនទ្រី និងមន្ត្រីពាក់ព័ន្ធ ។ 

កិច្ចប្រជុំបានផ្សព្វផ្សាយអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពប្រចាំខែ, ផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម, ការត្រួតពិនិត្យវិធានការណ៍ការពារសុវត្ថិភាព ចំពោះមេរោគកូវីដ-១៩ តាមទីតាំងអាជីវកម្ម, ការការពារក្បួនឆ្លងកាត់របស់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានលើកឡើងពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ។ 

លោកអភិបាលខណ្ឌបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានខ្លឹមសារថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធាឱភ្នំពេញដូចតទៅ៖ 

១-ហាមដាច់ខាត៖

-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

-មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង

-រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ ។ 

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-9 និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិន ឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។ 

៣-ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ 

៤-គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំង ក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។ 

៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើនេះ ឱ្យបានទូលំទូលាយៗ ។ 

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ 

៧-ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន ៕ដោយ៖ជីណា


ចែករំលែក៖