ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន ៖
ករណីទី១ ៖ នៅវេលាម៉ោង២២:០៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវវិមានឈ្នះៗ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី២ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១:១៥នាទីយប់ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ចេញល្បាតក្នុងភូមិសាស្ត្រ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី៣ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់ ២លើក ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១និង៥០នាទី នៅចំណុចផ្លូវ១៨២កែង២៦៥ សង្កាត់ទឹកល្អក់ទី៣ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ កាលពីវេលាម៉ោង១២និង៥៦នាទីថ្ងៃខែដដែល។
ករណីទី៤ ៖ នៅវេលាម៉ោង១៧៖00នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខឃ.៦៣ ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ករណីទី៥ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច មុខបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤៖២០នាទី ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ (ស្រី០១នាក់)៕
ដោយ៖ សិលា