ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេឃខៀវ Man City បន្តឈរកំពូលតារាង ខណៈហង្សក្រហមLiverpoolចាញ់ក្នុងទឹកដីយ៉ាងអាម៉ាស់

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល២ទល់០ សម្រាប់ការប្រកួតសប្តាហ៍ទី២១របស់ខ្លួនកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌកំពូល Premier League

យោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport នៅព្រឹកនេះ ក្រុមមេឃខៀវ Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ២ទល់០ ដែល២គ្រាប់របស់ក្រុមមេឃខៀវគឺរកបានដោយកីឡាករ Gabriel Jesusនិងកីឡាករ Sterling នៅនាទីទី៣ និងនាទីទី៣៨។

ជ័យជម្នះនេះធ្វើឲ្យក្រុម Man City បន្តឈរកំពូលតារាងមាន៤៧ពិន្ទុ ក្នុង២១ប្រកួត ហើយក្រុមខ្លាំងមួយនេះត្រូវប៉ះក្រុមហង្សក្រហម Liverpool នៅថ្ងៃទី៧ ខែកុម្ភៈបន្តទៀត។ ចំណែកក្រុម Burnley បានចាញ់២ប្រកួតជាប់ៗគ្នា នឹងត្រូវប៉ះក្រុម Brighton នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

ចំណែកក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ចាញ់ក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល១ទល់០ដែល១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Alzate នៅនាទីទី៥៣។ ការប្រកួតនេះក្រុមម្ចាស់ផ្ទះហង្សក្រហមគ្រប់គ្រងបាល់ស្ទើរតែគ្រប់ពេល ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបាន រហូតចូលដល់តង់ទី២ ក្រុមភ្ញៀវក៏មានឱកាសរកគ្រាប់បាល់ជ័យជម្នះតែម្តង។

ក្រោយប្រកួតចាញ់លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមនិយាយថា ក្រុមរបស់លោកមិនមានអារម្មណ៍ស្រស់ថ្លាគ្រប់គ្រាន់ក្នុងការលេងសោះ ខណៈដែលក្រុមលោកបានបរាជ័យក្នុងផ្ទះដងជាប់ៗគ្នា។

លោក Klopp បានបន្តថាវាពិតជាសប្តាហ៍ដ៏ស្វិតស្វាញមួយជាមួយនឹងការប្រកួតក្រៅដីចំនួន២ ប្រកួតខ្លាំងក្លាបំផុត។ យើងមើលទៅហាក់ដូចជាយើងមិនស្រស់ថ្លាគ្រប់គ្រាន់ខាងសតិអារម្មណ៍ និងរាងកាយក្នុងពេលប្រកួតទាល់តែសោះ មានពេលវេលាជាច្រើនដែលយើងបានគ្រប់គ្រងបាល់ ប៉ុន្តែសំខាន់ជាងគឺការស្វែងរកឱកាស ហើយយើងយល់ពីអ្វីដែលបានកើតឡើងនៅពេលនេះ” ៕ដោយ៖ភារៈ


ចែករំលែក៖