បណ្តាញសង្គមទាំងឡាយក្នុងប្រទេសមីយ៉ាន់ម៉ាមានទាំង Facebook, Instagram និងបណ្តាញផ្ញើសារទាំងឡាយដូចជាWhatsApp និង Facebook Messenger ត្រូវបានបិទទាំងស្រុងនៅក្នុងប្រទេស នេះ។
អ្នកនាំពាក្យក្រុមហ៊ុន ហ្វេសប៊ុក បានលើកឡើងថា «យើងដឹងថា ការចូលទៅកាន់បណ្តាញសង្គមនាពេលនេះគឺត្រូវបានកាត់ផ្តាច់ ។ យើងកំពុងតែធ្វើសកម្មភាពដើម្បី អំពាវនាវដល់រដ្ឋាភិបាលយោធាដើម្បីបើកដំណើរការឡើងវិញ ជាការជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា អាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិបាន»។
តាមបណ្តាញព័ត៌មានMPT ជារបស់រដ្ឋមីយ៉ាន់ម៉ាគ្រប់គ្រងដោយកម្លាំងយោធា បានឲ្យដឹងថា មានពលរដ្ឋដល់ទៅ២៣លាននាក់ ត្រូវបានបិទបណ្តាញសង្គម មិនអាចចូលទៅកាន់Facebook Messenger, Instagram និង WhatsAppបាន។
កន្លងមក រដ្ឋមន្ត្រី ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃទី ៣ខែកុម្ភៈថា បណ្តាញសង្គមនឹងត្រូវបិទរហូតដល់ចុងសប្តាហ៍នេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ បញ្ចៀសការប្រមូលផ្តុំគ្នា ចែករំលែកព័ត៌មានមិនពិត។
នៅពេលនេះដែរអ្នកនាំពាក្យសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសថា លោកស្រី អង់សាន ស៊ូជី និង ប្រធានាធិបតីU Win Myint ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង មន្ត្រីជាច្រើនទៀត មិនទាន់ដោះលែងនៅឡើយទេ៕ដោយ៖ធីរីណា