ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ឃាត់ខ្លួនជនសង្ស័យដៃដល់១នាក់ដកហូតអាវុធជាវត្ថុតាងជាក់ស្ដែង បន្ទាប់ធ្វើសកម្មភាពបាញ់ប្រហារលើគូរទំនាស់ បណ្ដាលឲ្យរងរបួសហូរឈាម ខណៈមានទំនាស់ពាក្យសម្ដីបន្តិចបន្តួចក្នុងវង់ផឹកជុំគ្នា ។
ហេតុការណ៍ហិង្សាដោយចេតនាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិបឹងឈូក ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនឈ្មោះ អង់ កំសត់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនរងរបួសឈ្មោះ ស្រី ចំរើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។
បើទោសជាប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកខាងលើ មិនបានបញ្ជាក់ទីកន្លែងសុីផឹក និងមូលហេតុច្បាស់លាស់ ថា! ផ្ដើមចេញបណ្ដាលមកអំពីអ្វីក៍ពិតមែន ប៉ុន្តែពួកគេបានផឹកសុីជុំគ្នារហូតមានទំនាស់ពាក្យសម្ដីតឹង(សសៃរ.ក)ទៅវិញទៅមក ក៍បណ្ដាលឲ្យមានហឹង្សាបែបនេះតែម្ដង ។
ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា ទោសជាយ៉ាងណាសមត្ថកិច្ចចុះធ្វើអន្តរាគមឃាត់ខ្លួនបានភ្លាមៗ រួមទាំងដកហូតអាវុធដែលជាវត្ថុតាង បច្ចុប្បន្ន ជនសង្ស័យនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ៕
ដោយ៖ បុឹម ពិន