ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ៖ ឆ្នាំនេះ ២០២១ សម្រាប់ការជ្រើសរើស មន្ដ្រីក្របខ័ណ្ឌក្រសួង ជនពិការភាពគឺផ្អាកដោយសារតែបេក្ខភាពតិចពេក (អត់ទទួលយកនោះដោយសារហេតុផលកូវីដ-១៩ផង)រៀងរាល់ឆ្នាំ២រយភាគរយ ។ ក្រសួងព័ត៌មាននៅឆ្នាំ២០២១នេះអត់ទទួលយកក្របខ័ណ្ឌមន្ដ្រីពិការភាព ដោយសារតិចពេក និងហេតុផលកូវីដ-១៩ តែនៅឆ្នាំ២០២២ ក្រសួងទទួលរក្សាដដែល២ភាគរយ ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់បែបនេះ នៅក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់ការលើកទឹកចិត្ដជាមួយមន្ដ្រីពិការភាពនៃក្រសួងព័ត៌មានចំនួន៣៩រូប និងអ្នកពិការភាពបាត់បង់សមត្ថភាពជាង១០០នាក់ទៀត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ មន្ដ្រីពិការភាពបានចូលរួមក្នុងវិស័យព័ត៌មាន យ៉ាងសកម្មជាងមន្ដ្រីដែលមានកាយសម្បទាគ្រប់គ្រាន់ផង។ ដូច្នេះដើម្បីដឹងគុណនិងផ្ដល់ការលើកទឹកចិត្ដដល់មន្ដ្រីដែលពិការភាពកំពុងបម្រើការងារ ក្នុងវិស័យព័ត៌មានឲ្យខិតខំបន្ដការងារ និងភារកិច្ច ទទួលបានប្រសិទ្ធភាព គុណភាព និងតម្លាភាពការងារ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្ដថា៖ មន្ដ្រីពិការភាព បានចូលរួមយ៉ាងសកម្មក្នុងវិស័យព័ត៌មាន ដោយប្រើចំណេះ ជំនាញ និងវិជ្ជាជីវៈ ដោយផ្ចិតផ្ចង់ យកចិត្ដទុកដាក់ ពិនិត្យពិច័យ ដោយមិនខ្ជីខ្ជាការងារ មុននឹងធ្វើការផ្សព្វផ្សាយនៅអង្គភាពរបស់ខ្លួន និងចេញទៅខាងក្រៅ ។ ជាមួយគ្នានេះ លោកក៏សុំឲ្យអង្គភាព ឬប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗបន្ដសហការទទួលយកស្នាដៃ និងសមិទ្ធផលនានា លើវិស័យព័ត៌មានរបស់ជនពិការភាពដែលផលិតបានយកទៅធ្វើការផ្សព្វផ្សាយនៅអង្គភាពខ្លួនផង ។ ក្នុងន័យ ផ្ដល់ការលើកទឹកចិត្ដ និងបន្ដអាទិភាពដល់ពួកគេ ៕ ដោយ៖សំរិត