ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺឆ្កួតជ្រូកប្រកាច់លង់ទឹកបឹងស្លាប់នៅក្រោយភូមិ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់មានជំងឺឆ្កួតជ្រូកត្រូវបានគេប្រទះឃើញស្លាប់អណ្តែតក្នុងទឹកបឹងខាងក្រោយភូមិដែលគេសង្ស័យថាអាចជំងឺរើឡើងហើយប្រកាច់ចូលទឹកលង់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចបឹងឃ្លោកនៅក្រោយភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ស្រេង ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពបន្តថា ជនរងគ្រោះទៅសុីឈ្នួលធ្វើចម្ការទាំងមានជំងឺឆ្កួតជ្រូកប្រចាំកាយទៀតផង ហើយទំនងជាចុះដងទឹកក៏ត្រូវជំងឺនោះរើឡើងប្រកាច់ចូលទឹកគ្មានអ្នកជួយទើបលង់ស្លាប់បែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យឃើញថាពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិនិងក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖​ ជីវ័ន្ត


ចែករំលែក៖