ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកធនាគារអេសុីលីដា១នាក់ ត្រូវបានរថយន្តបុកស្លាប់រួចបើកគេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្តមិនស្គាល់ម៉ាក១គ្រឿង បានបុកបុគ្គលិកធនាគារអេសុីលីដា១នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្តមិនស្គាល់ម៉ាក និងអ្នកជិះម៉ូតូខាងលើ បានកើតឡើងនៅវេលាយប់ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាតិផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨.១៩៩ ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 ប្រភពពីកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ជី សុផាន់តារា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេសុីលីដាខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ប្រភពបញ្ជាក់បន្តទៀតថា ជនរងគ្រោះធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F.3870 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តមិនស្គាល់ម៉ាក១គ្រឿង បានជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ចំណែកអ្នកបើកបររថយន្តបង្កបន្ថែមល្បឿនគេចបាត់ សពឃើញសមត្ថកិច្ចចុះពិនិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖