ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់តារាសម្តែងស្រី យោធិន វីរិយ៉ា ដែលមានទេពកោសល្យលេចធ្លោខ្លាំង មិនចាញ់ឪពុក សាវិន ហ្វីលីព

ចែករំលែក៖

       ​ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះតារាសម្តែងស្រីវ័យក្មេង កញ្ញា យោធិន វីរិយ៉ា ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងការសម្តែងភាពយន្តខ្លីមួយស្តីអំពីជំងឺកូវីដ-១៩​ វីដេអូដែលមានអ្នកទស្សនារាប់លានដងនេះក៏បានធ្វើគេចាប់អារម្មណ៍តារាស្រីរូបនេះជាច្រើនផងដែរ ។

ដូចពាក្យចាស់ថា”ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” កញ្ញា យោធិន វីរិយ៉ា ដែលបានហក់ចូលក្នុងវិស័យភាពយន្តមិនបានប៉ុន្មានឆ្នាំផង ហាក់បង្ហាញភាពលេចធ្លោខ្លាំង។ លេចធ្លោព្រោះតែចំណុចខ្លឹមៗដែលសិល្បករត្រូវមានគឺ រូបសម្បត្តិ សមត្ថភាព ទេពកោសល្យ សីលធម៌ គឺសិល្បការិនីនេះមានរួចជាស្រេច ដោយមិនចាំបាច់ពឹងលើខ្សែរយៈតាមឈាមជ័រឪពុកបង្កើតជាសិល្បករស្រាប់នោះទេ។

កញ្ញា យោធិន វីរិយ៉ា មានវ័យ១៨ ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបហើយ ។ ព្រោះតែនិស្ស័យលើការសម្តែង និងមានការលើកទឹកចិត្តពីឪពុកម្តាយជាអ្នកសិល្បៈជំនាញផងទៀតនោះយុវតីរូបនេះបានប្រឡូកក្នុងអាជីពសិល្បៈមួយនេះអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ហើយមានភាពយន្តលេចធ្លោរជាច្រើនបន្តបន្ទាប់ដែលទទួលបានការពេញចិត្តច្រើនពីទស្សនិកជនដែលមានមិនក្រោម៧រឿងឡើយ ពិសេសភាពយន្តអប់រំរឿង «ចត្តាឡីស័ក»ដែលណែនាំដោយ ភិក្ខុវជរប្បញោ គូ សុភាព ក្នុងនោះដែរក៏មានភាពយន្តខ្នាតធំបែបភ័យរន្ធត់គឺរឿង”ផ្ទះជួល”ជាដើម។ កញ្ញាបញ្ជាក់ថាការលេខមុខក្នុងវិស័យសម្តែងភាពយន្តមិនមែនកើតឡើងដោយភាពចៃដន្យ ឬខ្សែរយៈឪពុកឡើយគឺកើតចេញពីការខិតខំប្រឹងប្រែង និងការធ្វើតេស្តសមត្ថភាពមុនចេញថត ដូចគ្នានឹងសិល្បករជាច្រើនផងដែរ ។ ទោះជាយ៉ាងណាកញ្ញាទទួលស្គាល់ថាមិនមានពេលវេលាច្រើនក្នុងការសម្តែងឡើយ ខណៈដែលត្រូវទុកពេលវេលាក្នុងការសិក្សាផងដែរ។ សម្រាប់ឆ្នាំថ្មីនេះកញ្ញា ក៏មានគម្រោងចេញសម្តែងនៅក្នុងភាពយន្តមួយចំនួនបន្ថែមទៀត ដែលកញ្ញារំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។

នាងនៅតែចិញ្ចឹមចិត្តក្នុងការក្លាយខ្លួនជាតារាសម្តែងល្បីឈ្មោះនៅកម្ពុជា និងមានឱកាសវិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងដើម្បីចូលរួមសម្តែងក្នុងភាពយន្តបរទេសដូចឪពុកបង្កើតរបស់ខ្លួនផងដែរ

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖