ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តមួយកំណាត់មុខ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង រហូតដល់កម្លាំងប្រជាការពារមកជួយសម្រួលចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង២សៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅលើស្ពានលីយ៉ុងផាត់ ប៉ែកខាងកើត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើកបរបានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់បើកបររថយន្តស្របទិសគ្នាពីកើតទៅលិច ដោយរថយន្តដឹកដីធុនធំពណ៌ខៀវ ពាក់ស្លាកលេខកំពងចាម 3A-0244 បើកពីមុខដោយមានគ្នា២នាក់ប្រពន្ធជិះនៅក្នុងរថយន្តដឹកដីចេញពីរណ្ដៅដី (តាកៅ) ទៅចាក់នៅជិតវិមានឈ្នះ=ឈ្នះ។ លុះចាក់ដីរួចត្រឡប់មកវិញដល់ចំណុចកើតហេតុក៏បានជួបវាក់ជាមួយរថយន្តមួយគ្រឿងទៀតធ្វើឱ្យគាត់ជាន់ហ្វ្រ័ងរថយន្តទាំងប្រថុចញ៉ុចបណ្ដាលឱ្យរថយន្តRAV4 ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 2C-4142 ដែលធ្វើដំណើរ២នាក់ឪពុកនិងកូនពីម្តុំស្ពានលេខ២ ខណ្ឌជ្រោយចង្វា ក្នុងគោលបំណងទៅមើលតាឈឺនៅម្ដំសាលាកូរ៉េ ឡើងស្ពានបន្តិចបានជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តRAV4រួញមួយកំណាត់មុខ។
បន្ទាប់ពីកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយខាងរថយន្តRAV4 សុំទៅខាងរថយន្តដឹកដីឱ្យជួយចេញថ្លៃដឹករថយន្តយកទៅជួសជុល ទើបភាគីរថយន្តដឹកដីជួយចេញ 50$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ