ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានចំណងជើងថា ៖ “ក្ងានចង់ធ្វើហង្ស” ។
មានរឿងតំណាលមកថានៅក្នុងបឹងដ៏ធំមួយ មានហ្វូងក្ងាន និងហ្វូងហង្សរស់នៅក្នុងបឹងជាមួយគ្នា ។
មានក្ងានមួយក្បាលពេលធំពេញរូបរាង វាមានស្លាបនិងរោមស្រស់ស្អាត.សក្បុសដូចសំឡី នាំឲ្យវាពេញចិត្តនឹងខ្លួនវាជាខ្លាំង ។ ក្ងានតែងតែហែលលេងជុំវិញបឹង ។
ថ្ងៃមួយ វាក្រឡេកឃើញហង្ស មានរូបរាងស្រស់ស្អាត កាយវិការល្វត់ល្វន់គួរឲ្យចង់គយគន់ វាភ្ញាញ់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថា មានសត្វហង្សដែលមានអ្វីៗល្អដូច្នេះសោះ ។ ពេលនោះវាមើលស្រមោលខ្លួនវាក្នុងទឹក រួចសម្លឹងមើលមករោមរបស់ខ្លួន ហើយឃើញថារោមហាក់ដូចជាមិនខុសគ្នាអ្វីប៉ុន្មានទេ ។ វាក៏សម្រេចចិត្តឈប់ធ្វើជាក្ងាន ។ វានឹងកែប្រែខ្លួនទៅជាហង្សវិញម្ដង ។
បន្ទាប់មកវាព្យាយាមដកកឲ្យវែងដូចហង្ស ធ្វើកាយវិការគ្រប់យ៉ាងតាមហង្ស ។ តែគួរឲ្យអនិច្ចា ! ក្ងាននៅតែជាក្ងានដដែល ។ អ្វីដែលខំកែប្រែទាំងប៉ុន្មានបានត្រឹមតែធ្វើឲ្យវាឈឺចាប់ រោយស្រពន់ នឿយហត់ នឹងហាក់មានអ្វីមករំខានចិត្តជាប្រចាំ ជាពិសេសទាំងមនុស្សសត្វទាំងឡាយ ពុំមាននរណាគិតថាវាជាហង្សអ្វីឡើយ ។
រឿងនេះចង់បង្ហាញថា វាជារឿងគ្មានប្រយោជន៍ និងអស់សំណើចណាស់ដែលយើងព្យាយាមផ្លាស់ប្ដូរអត្តសញ្ញាណខ្លួន ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត