ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យកម្លាំងទាហានត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំ

ចែករំលែក៖

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះឱ្យបង្កើនការត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមក្នុងឱកាសបុណ្យចូលឆ្នាំចិន។

តាមប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានរបស់ចិនបានផ្សាយនៅថ្ងៃទី​៨ខែកុម្ភៈថា ប្រធានាធិបតីចិន​ស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំ​ចិន។ ការស្នើខាងលើរបស់ប្រធានាធិបតីចិន ព្រោះខ្លាច​រងការវាយប្រហារក្នុងពេលមន្ត្រីរដ្ឋាភិបាលសម្រាកក្នុងឱកាសចូលឆ្នាំចិន​។
ក្នុងឱកាសទៅសួរសុខទុក្ខកម្លាំងទាហាន ប្រធានាធិបតីចិន ក៏បានព្រមានដល់កម្លាំងទាហានបរទេស មិនត្រូវឌឺដងដាក់ចិន​ក្នុងពេលប្រទេសនេះស្ថិតនៅក្នុងរដូវកាលឈប់សម្រាកចូលឆ្នាំចិន​។​
យន្តហោះចម្បាំងរបស់ចិនបានបន្តធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន​។ ជាមួយគ្នានេះចិនក៏បានដាក់ពង្រាយ​សព្វាវុធទំនើបៗការពារព្រំដែន​។ ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ​ ចាប់ផ្តើមនៅថ្ងៃសុក្រ ដូច្នេះការឈប់សម្រាកគឺចាប់ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៩ខែកុម្ភៈ ។
លោកFu Qianshao អ្នកឯកទេសយោធា​ចិន បាននិយាយទៅកាន់សារព័ត៌មានGlobal Timesថាកម្លាំងទាហានចិន បានបង្កើនសមត្ថភាពការពារ ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ក្នុងពិធីបុណ្យធំៗរបស់ចិន។ លោកបន្តទៀតថា សត្រូវអាចនឹងប្រើប្រាស់ពេលវេលាឈប់សម្រាកដើម្បីវាយប្រហារ ប៉ុន្តែទាហានចិនបានត្រៀមលក្ខណៈមិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយពីខាងក្រៅនោះឡើយ៕

ដោយ៖ធី រីណា


ចែករំលែក៖