អន្តរជាតិ៖ បេីយោងតាមការប្រកាសរបស់ទីក្រុងប៉េកាំង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ជាក់ជាផ្លូវការពីការចាប់ខ្លួនលោកស្រី Cheng Lei អ្នកកាសែតអូស្ត្រាលីដើមកំណើតចិន បន្ទាប់ពីជាប់សង្ស័យពីបទបញ្ជូនព័ត៌មានសម្ងាត់របស់ចិនទៅបរទេស។ ខណៈប្រមុខការបរទេសអូស្ត្រាលី ក៏បញ្ជាក់ពីព័ត៌មាននេះដែរថា៖លោកស្រី Cheng Lei វ័យ៤៩ឆ្នាំ កើតនៅចិន ធំដឹងក្តី និងរៀនសូត្រនៅអូស្ត្រាលី ហេីយធ្វើការឱ្យសារព័ត៌មានរដ្ឋចិន CGTN រយៈពេលជាង១០ឆ្នាំ ហើយត្រូវបានអាជ្ញាធរចិន ឃាត់ខ្លួននៅពាក់កណ្តាលខែសីហា ឆ្នាំ២០២០ មកម្ល៉េះ។
លោកស្រី Cheng Lei ទទួលបន្ទុកព័ត៌មានពាណិជ្ជកម្ម និងចូលរួមកម្មវិធីផ្សេងៗរបស់ស្ថានទូតបរទេសនៅរដ្ឋធានីប៉េកាំង។ បើតាមក្រសួងការបរទេសចិន លោកស្រី Cheng ជាប់សង្ស័យលើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិនមានការផ្ដល់ព័ត៌មានសម្ងាត់ឱ្យបរទេសជាដើម។
បើតាមទីភ្នាក់ងារព័ត៌មានReuters បានចុះផ្សាយថា ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់គ្រួសារលោកស្រី Cheng ដោយទទូចឱ្យអាជ្ញាធរចិនពន្លឿនរឿងក្តីនេះ និងគោរពសិទ្ធិរបស់លោកស្រីផងដែរ ដោយបានលេីកឡេីងថា៖«យើងជឿជាក់ថា គាត់ជាមនុស្សគ្មានទោស»។ គ្រួសារលោកស្រី Cheng ក៏សំណូមពរឱ្យលោកស្រីអាចទាក់ទងជាមួយកូនរបស់លោកស្រីពីរនាក់ដែលនៅតូចផងដែរ។
ចំណែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បាននិយាយថា មន្ត្រីទូតបានចូលជួបលោកស្រីCheng ប្រាំមួយដងអំឡុងពេលឃុំខ្លួន ដោយលើកចុងក្រោយកើតឡើងក្នុងខែមករា។ ប្រមុខការបរទេសអូស្ត្រាលីរូបនេះ អះអាងថា រដ្ឋាភិបាលបានលើកឡើងពីក្តីបារម្ភចំពោះការឃុំខ្លួនលោកស្រី Cheng ក្នុងជំនួបជាន់ខ្ពស់ជាមួយមន្ត្រីប៉េកាំង ហើយក៏បានសួរនាំពីសុខុមាលភាព និងស្ថានភាពនៃទីឃុំឃាំងរបស់លោកស្រីផងដែរ។
ដោយឡែកអតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំចិន លោក Geoff Raby ក៏បានលើកឡើងថា សំណុំរឿងលោកស្រី Cheng អាចនឹងក្លាយជារឿងរ៉ាវធំជាងទំនាក់ទំនងចិន-អូស្ត្រាលីទៅទៀត ។ លោកបន្ថែមថា ការជួយលោកស្រី Cheng កាន់តែពិបាក ជាពិសេសនៅពេលដែលចិន ផ្អាកទំនាក់ទំនងជាន់ខ្ពស់ជាមួយគ្នាថ្នាក់ដឹកនាំអូស្ត្រាលី។
សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ចាប់ផ្តើមយ៉ាប់យ៉ឺនបន្ទាប់ពីអូស្ត្រាលីទាមទារឱ្យមានការស៊ើបអង្កេតលើប្រភពជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា អ្នកកាសែតអូស្ត្រាលីចំនួនពីររូបផ្សេងទៀត បានរត់ចេញពីចិនដោយមានអន្តរាគមន៍ពីមន្ត្រីទូតអូស្ត្រាលី បន្ទាប់ពីត្រូវបានអាជ្ញាធរចិនសួរនាំទាក់ទងទៅនឹងករណីលោកស្រី Cheng នេះ។ ការចាកចេញរបស់អ្នកកាសែតទាំង២នេះ ធ្វើឱ្យសារព័ត៌មានអូស្ត្រាលីគ្មានអ្នកឆ្លើយឆ្លងព័ត៌មាននៅចិនជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក។
ជាមួយគ្នានេះ ក្រៅតែពីលោកស្រី Cheng លោក Yang Hengjun អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីដើមកំណើតចិនមួយរូបទៀត ត្រូវបានអាជ្ញាធរចិនចាប់ខ្លួន ដោយចោទពីបទចារកិច្ច។ លោកត្រូវបានអាជ្ញាធរចិនចាប់ខ្លួននៅដើមខែមករា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានក្វាងចូវ៕ដោយ៖ស តារា
លោកស្រី Cheng Lei អ្នកកាសែតអូស្ត្រាលីដើមកំណើតចិន
រូបភាព៖ឯកសារ