គិតត្រឹមម៉ោង១៨ ថ្ងៃទី៩ ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ នៅថ្ងៃនេះមានចំនួន១៦នាក់ ក្នុងនោះមាន១៣នាក់ឆ្លងក្នុងសហគមន៍ និង៣នាក់នាំចូលពីក្រៅប្រទេស។
ក្នុងចំណោមអ្នកឆ្លងនៅសហគមន៍ទាំង១៣នាក់មាន
នៅខេត្តហាយយឿង ៦ នាក់ រដ្ឋធានីហាណូយ២នាក់ ខេត្ត ហឹងអៀង ២នាក់ ទីក្រុងហូជីមិញ២នាក់ ខេត្តយ៉ាឡាយម្នាក់។ ចំណែកអ្នកឆ្លងនាំចូលពីក្រៅប្រទេសមាននៅខេត្តឡុងអាងម្នាក់និងទីក្រុងហូជីមិញ ២នាក់។
បើប្រៀបធៀបនិងថ្ងៃទី៨ខែកុម្ភ ចំនួនអ្នកឆ្លងកូវីដ-១៩ បានថយចុះ ពី៤៥នាក់ ធ្លាក់មកនៅត្រឹមតែ ១៦នាក់ប៉ុណ្ណោះ។
ចំពោះពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កវិញមកដល់ម៉ោង ១៨ថ្ងៃទី៩ខែកុម្ភៈ មានដល់ទៅ៩៩.៨៥៤នាក់ ។ ចំណែកអ្នកធ្វើចត្តាឡីស័កនៅក្នុងផ្ទះវិញមាន ៧៨.២១៩នាក់ ។
នៅពេលនេះដែរបណ្តាខេត្តនានា នៅក្នុងប្រទេសវៀតណាម ដែលមានពលរដ្ឋមកពីតំបន់មានករណីឆ្លងកូវីដ-១៩ ចាំបាច់ត្រូវធ្វើចត្តាឡីស័កដើម្បីបញ្ចៀសការនាំជំងឺមកសហគមន៍របស់ខ្លួន ។
កាលពីថ្ងៃទី ៩ខែកុម្ភៈ មន្ទីរសុខាភិបាលខេត្តអាងយ៉ាង បានសម្រេចឲ្យពលរដ្ឋដែលមកពីតំបន់មានកូវីដ-១៩ ដូចជាទីក្រុងហូជីមិញ គឺត្រូវធ្វើចត្តាឡីស័ក។ ក្រោយរយៈពេលធ្វើតេស្តពីរលើកអវិជ្ជមាន ទើបអនុញ្ញាតឲ្យទៅផ្ទះហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត។
ក្រៅពីនេះនៅក្នុងខេត្ត វិញឡុង ត្រាវិញ ឃ្លាំង …ក៏មានវិធានការទប់ស្កាត់កូវីដ-១៩ ផងដែរ ដោយសារតែចំពេលចូលឆ្នាំវៀតណាម ពលរដ្ឋនាំគ្នាទៅស្រុកជួបជុំគ្រួសារ។ ពលរដ្ឋដែលមកពីតំបន់ មានកូវីដ-១៩ គឺត្រូវធ្វើចត្តាឡីស័ក ៕ ដោយ៖ សាធី
រូបភាព៖vtcnews