ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាហ្សង់ទីនមួយគ្រួសារចូលអាំងសាច់​ក្នុងព្រៃ​ ហេីយភ្លេចពន្លត់ភ្លើង​ បណ្ដាលឲ្យភ្លើងឆេះព្រៃអស់ជិត​ ៨ពាន់ហិកតា

ចែករំលែក៖

អន្តរជាតិ​៖ បេីយោងតាមរបាយការណ៍របស់អាជ្ញាធរបរិស្ថានអាហ្សង់ទីន បានបញ្ជាក់នៅថ្ងៃអង្គារទី៩​ ខែកុម្ភៈ​ ឆ្នាំ២០២១ថា មានករណីភ្លើងឆេះព្រៃដ៏ធំមួយ​ បានឆាបឆេះអស់រយៈពេលជាងពីរសប្តាហ៍ហើយនៅតំបន់ខ្វេស្តា ឌែល ទែណឺរ៉ូ (Cuesta del Ternero) ក្នុងតំបន់ ផាតាហ្គោនៀ (Patagonia) នៃប្រទេសអាហ្សង់ទីន ដែលរហូតមកទល់ពេលនេះ នៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។

ជាក់ស្ដែង​បើតាមសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានដកស្រង់សម្តីលោក ស៊ឺជីអូ ហ្វេដឺរ៉ូវីស្គី (Sergio Federovisky) អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានអាហ្សង់ទីន បានគូសបញ្ជាក់ប្រាប់វិទ្យុមួយថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ នៅក្នុងតំបន់ទេសចរណ៍ អ៊ែល បូលសុន (El Bolson) ដែលស្ថិតនៅភាគខាងត្បូងនៃខេត្ត រីយ៉ូ ណេក្រូ (Rio Negro) នោះមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ។

សូមជម្រាបថា​ ករណីភ្លើងឆេះព្រៃខាងលើនេះ បានចាប់ផ្តើមកើតមានឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីគ្រួសារមួយបានរៀបចំពិធីជប់លៀងអាំងសាច់ នៅចម្ងាយប្រហែលពី ២-៣ម៉ែត្រពីព្រៃនោះ និងមិនបានពន្លត់ភ្លើង ទើបបង្កឲ្យមានការឆាបឆេះរាលដាល ពាសពេញតំបន់នោះតែម្ដង ហើយរហូតមកទល់ពេលនេះ បានឆាបឆេះលើផ្ទៃដីទំហំប្រមាណ ៧,៥០០ហិកតាហើយ។

គួរបញ្ជាក់ថា​ ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ភ្លើងឆេះព្រៃនេះបានគំរាមកំហែងដល់ផ្ទះសម្បែង របស់សហគមន៍ជនជាតិដើម ម៉ាពូឆេ (Mapuche) ហើយ ដោយវាមានចម្ងាយតែ ២០០ម៉ែត្រប៉ុណ្ណោះពីផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរសង្គ្រោះរបស់អាហ្សង់ទីន កំពុងចេញប្រតិបត្តិការសង្គ្រោះ និងជម្លៀសមនុស្សងាយរងគ្រោះ៕ដោយ៖ស​ តារា


ចែករំលែក៖