រឿង“នាងរាមវីរនារីជិះក្របី” ត្រៀមចាក់បញ្ចាំងលើរោងភាពយន្តជាផ្លូវការចាប់ពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១នេះហើយ។ ស្នាដៃភាពយន្តកំប្លែងថៃមួយនេះត្រូវបានបញ្ចេញក្រោយពីជោគជ័យនៃរឿងម៉ូតូឌុបបះសក់ BIKEMAN ទាំង២វគ្គនោះ ខណៈនៅប្រទេសថៃភាពយន្តនេះរកចំណូលបានប្រមាណជិត៧លានដុល្លារ ក្នុងរយៈពេល២សប្ដាហ៍។
ភាពយន្តថ្មីនេះបានប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុន ប្ដូរតួជិះម៉ូតូ មកជិះក្របីម្ដងវិញដោយច្នៃចេញជាអត្ថរសដ៏អស្ចារ្យដែលអ្នកទស្សនាស្មានមិនដល់បូករួមនឹងសមត្ថភាពសម្ដែងតារាលំដាប់ជួរមុខ BELLA RANEE ។សមិទ្ធិផលថ្មីនេះក៏មិនចាញ់ភាពយន្ដចាស់ដែរ គឺថាត្រូវបានទស្សនិកជនថៃនាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដីណែនពេញរោងភាពយន្ដទូទាំងប្រទេសចាប់តាំងពីថ្ងៃចេញបញ្ចាំងដំបូង។ ការផលិត ការដឹកនាំ រួមទាំងការសម្ដែងដ៏ប៉ិនប្រសប់របស់តួសម្ដែងគ្រប់រូបក្នុងរឿងនេះ បានពាំនាំមកនូវទាំងគុណភាព សំណើច សើចក្អាកក្អាយ បំបាត់អស់ទុក្ខកង្វល់របស់ទស្សនិកជន ជាពិសេសភាពក្រមិចក្រមើមដែលជាចរិតលក្ខណៈថ្មីដែលកញ្ញា BELLA សម្ដែងក៏ពិតជាសមឥតខ្ចោះដែលជាភាពទាក់ទាញដ៏ខ្លាំងក្លាសម្រាប់អ្នកគាំទ្រផ្ទាល់របស់នាង។ ដូច្នេះហើយទើបធ្វើឲ្យភាពយន្ដមួយនេះរកចំណូលបាន ២០០លានបាត (ប្រមាណជិត៧លានដុល្លារ) ក្នុងរយៈពេល២សប្ដាហ៍នៃការដាក់បញ្ចាំងតាមរោងភាពយន្ដក្នុងប្រទេសថៃ ហើយក៏ជាភាពយន្ដដំបូងដែលរកបានចំណូលដ៏លើសលប់បន្ទាប់ពីស្ថានភាពដ៏តឹងតែងនៃកាតរាតត្បាតពីវីរុសកូវីដ១៩។ កាន់តែពិសេសទៅទៀតនោះ ភាពយន្ដមួយនេះក៏នឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ដនានាក្នុងប្រទេសកម្ពុជាផងដែរចាប់បីថ្ងៃ ១២ កុម្ភៈ ២០២១នេះតទៅ។ ដូច្នេះទស្សនិកជនកម្ពុជាក៏អាចបានទទួលនូវភាពរីករាយសប្បាយពីភាពយន្ដដ៏ពិសេសមួយនេះផងដែរ៕
ដោយ៖វឌ្ឍនា