ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ី សាអូឌីត នៅថ្ងៃទី ១០ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មាន ពីកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រុមហ៊ូធីនៅយេម៉ែន បានបើកការវាយប្រហារ អាកាសយានដ្ឋានអន្តរជាតិAbha នៅភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងឆាបឆេះ។
ការវាយប្រហារខាងលើកើតឡើងក្រោយពេល អាមេរិកប្រកាស ឈប់ជួយដល់សម្ពន្ធមិត្តអារ៉ាប៊ីសាអូឌីតវាយប្រហារយេម៉ែន។ បណ្តាញទូរទស្ស៍Al-Ekhbariya បានដកស្រង់សេចក្តីប្រកាសពី កម្លាំងទាហាន អារ៉ាប៊ី សាអូឌីតបានបញ្ជាក់ថា យន្តហោះស៊ីវិលមួយគ្រឿងបានឆាបឆេះនៅអាកាសយានដ្ឋាន ក្រោយរងការវាយប្រហារ ប៉ុន្តែមិនមានអ្នកស្លាប់ឡើយដោយពេលនោះមិនមានអ្នកដំណើរ។
កន្លងមក ក្រុមហ៊ូធីតែងតែប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារទីតាំងអាកាសយានដ្ឋាន Abha ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្លាំងទាហានអារ៉ាប៊ី សាអូឌីតបញ្ជាក់ ថា កម្លាំងការពារដែនអាកាសបានបាញ់ស្ទាក់រ៉ុក្កែតជាច្រើនគ្រាប់ និង បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងផងដែរ ។
នេះជាថ្ងៃទី៣ហើយ ដែលអារ៉ាប៊ី សាអូឌីតបានប្រកាសថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី ។ កន្លងមកអតីតប្រធានាធិបតីដូណាល់ត្រាំបានចាត់ទុកក្រុមហ៊ូធី ជាក្រុមភេរវកម្ម ហើយចូលរួមជួយដល់អារ៉ាប៊ី សាអូឌីតបើកការវាយប្រហារ ក្រុមនេះ។ ប៉ុន្តែពេលថ្មីៗនេះ ប្រធានាធិបតីបៃឌិន ប្រកាសថា អាមេរិក ឈប់ចូលរួម ក្នុងការវាយប្រហារក្រុមហ៊ូធី ៕
ដោយ៖ធី រីណា(រូបភាព៖ baotintuc)